(ម៉ូនិច)៖ ខ្សែប្រយុទ្ធជួរមុខ Timo Werner ទំនងជាចាកចេញពីក្លិប RB Leipzig នាខែមករា ឆ្នាំក្រោយ ដើម្បីស្វែងរកជម្រើសលេង ១១នាក់ដំបូងជាប់លាប់ ក្នុងការប្រជែងកៅអីលេងពានប្រចាំទ្វីបអឺរ៉ុប Euro 2024 ខាងមុខ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Livescore បានឲ្យដឹងថា កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ អាចនឹងសម្រេចចិត្តដើរចេញពីក្លិបក្នុងស្រុក ជាទីដែលរូបគេបានវិលត្រឡប់ទៅចូលរួមកាលរដូវក្តៅ ឆ្នាំ២០២២ ប៉ុន្តែមិនសូវមានឱកាសបង្ហាញខ្លួនញឺកញាប់នោះទេ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ មិនត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ឡើយ ក្នុងជំនួបមិត្តភាពអន្តរជាតិ ២លើកទល់នឹងតួកគី និងអូស្រ្តាលីនាពេលថ្មីៗនេះ ក៏ព្រោះតែទម្រង់លេងធ្លាក់ចុះ និងស្ថិតក្នុងភាពត្រដាបត្រដួសផងដែរ។

អតីតកីឡាករក្លិបតោខៀវ Chelsea គឺ Werner ទើបតែបានចូលលេងក្នុងជម្រើសដំបូង ៤ប្រកួតប៉ុណ្ណោះ និងមាន ២លើកលេងនៅ Bundesliga រដូវកាលនេះ ដោយស៊ុតចូលបាន ២គ្រាប់ និងបញ្ជូន ១គ្រាប់ផងដែរ។

ទាក់ទិននឹងបញ្ហានេះ លោក Rouven Schroder នាយកផ្នែកកីឡា Leipzig បានថ្លែងពីការបើកចំហរទ្វារចាកចេញ របស់ Werner ក្រោយពេលមើលឃើញពីស្ថានភាពបច្ចុប្បន្ន ក្នុងការស្វែងរកឱកាសលេងក្នុងជម្រើសជាតិឡើងវិញ។

លោកថា «ពួកយើងប្រយ័ត្នប្រយែងខ្លាំងណាស់ក្នុងក្រុមរបស់ពួកយើង ហើយមិនចង់ឲ្យកីឡាករណាម្នាក់ខូច អនាគតរបស់ពួកគេដែរ។ Timo បានស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ហើយពួកយើងក៏បានគាំទ្រគាត់ក្នុងការចាកចេញដែរ។ ជីវិតពេលខ្លះ តែងតែជួបរឿងអាប់អួរបែបនេះ»៕