(កូរ៉េ)៖ ក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG គឺក្រុម Baby Monster ត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការជាមួយសមាជិក ៦ នាក់ ក្រោយសមាជិកម្នាក់គឺ Ahyeon (អាយ៉ន) ត្រូវ YG ប្រកាសថាមិនអាចចូលរួមជាមួយក្រុមបានឡើយ ព្រោះតែបញ្ហាសុខភាព តែយ៉ាងណាដំណឹងនេះហាក់ធ្វើឲ្យអ្នកគាំទ្រផលិតកម្ម YG មានការខកចិត្តផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រកាសនេះ គឺបានធ្វើឡើងនៅថ្ងៃទី១៥ កន្លងទៅនេះដោយ YG បានបញ្ជាក់ថាក្រុម Baby Monster នឹងចេញបទចម្រៀង និងវីដេអូចម្រៀងដំបូងរបស់ពួកគេនៅថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយនឹងសមាជិកចំនួន ៦នាក់គឺ Ruka (រូកា), Pharita (ផារីតា), Asa (អាសា), Haram (ហារ៉ាម), Rora (រ៉ូរ៉ា) និង Chiquita (ឈីឃីតា) ខណៈ Ahyeon (អាយ៉ន) បានសម្រេចចិត្តសម្រាកពីសកម្មភាពក្រុម ដោយសារតែបញ្ហាសុខភាព។ ជុំវិញការប្រកាសនេះ បានបង្កឱ្យមានការពិភាក្សាជាច្រើនតាមអ៊ីនធឺណិត ខណៈអ្នកគាំទ្រជាច្រើនកំពុងចោទសួរពីអនាគតរបស់ផលិតកម្ម YG Entertainment ដោយមិនមាន Ahyeon ចូលរួមក្នុងការបង្ហាញដំបូងរបស់ Baby Monster។

តែយ៉ាងណា ផលិតកម្ម YG Entertainment ក៏បានសម្តែងការសោកស្ដាយ ខណៈដែលពួកគេមិនអាចរួមបញ្ចូល Ahyeon សម្រាប់ការបង្ហាញខ្លួនដំបូងរបស់ Baby Monster បាន និងបកស្រាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ចំពោះសុខភាពរបស់សិល្បកររបស់ខ្លួន៕