(ក្រុងឡុងដ៍)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អង់គ្លេស FA បានប្រកាសពីការត្រៀមដាក់ទណ្ឌកម្មលោក Mikel Arteta អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal ករណីរិះគន់ទៅលើប្រព័ន្ធ VAR នាពេលថ្មីៗនេះ ក្រោយពេលក្រុមលោករងបរាជ័យលើកដំបូងក្នុងលីគ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤១ឆ្នាំខាងលើនេះ បានហៅ VAR ថា «ជាប្រព័ន្ធកាត់ក្តីដោយលំអៀង និងមិនចេះអៀនខ្មាស់ថែមទៀតផង» ក្រោយពេលផ្តល់បាល់ចូលទីឲ្យទៅខាង Newcastle United យកឈ្នះ Arsenal ១-០ នៅ Premier League កាលសប្តាហ៍ទី១១។

គ្រាប់បាល់ចូលទីរបស់ Anthony Gordon ត្រូវបានឆែកដោយ VAR ទាំង ៣ជ្រុងតែម្តង ហើយមន្រ្តីកាន់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលទាំងនោះ សុទ្ធតែបានផ្តល់បាល់នោះចូលទីដូចៗគ្នា គ្រាដែលភាគីគូប្រជែងបានចាត់ទុកថា បាល់នោះស្ថិតក្នុងជំហរក្រៅល្បែង និងបង្កកំហុសជាដើម។

Arteta មានពេលរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងការតវ៉ាជុំវិញបញ្ហានេះ នៅមុនពេលបម្រាមត្រូវបានដាក់ចេញផ្លូវការនៅថ្ងៃបន្ទាប់។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយ FA បានបញ្ជាក់ថា «ការ Comments របស់ Arteta ស្ថិតក្នុងន័យជេរប្រមាថមន្រ្តីដឹកនាំការប្រកួត ក៏ដូចជាក្រុមអាជ្ញាកណ្តាលផងដែរ ដែលអាចធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ ក្នុងប្រកួតក្រោយៗទៀត»