(យេរ៉ូសេឡឹម)៖ ក្លិបបាល់ទាត់ចំនួន ២របស់អ៊ីស្រាអែល គឺ Maccabi Haifa និង Maccabi Tel Aviv នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតខាងមុខរបស់ពួកគេ ក្នុងក្របខណ្ឌ UEFA នៅក្នុងប្រទេសស៊ែប៊ី ដោយសារតែជម្លោះរវាងអ៊ីស្រាអែល និងក្រុម Hamas ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិបទាំងពីរ ដែលជាការសម្រេចរបស់ស្ថាប័ន UEFA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមការសម្រេចរបស់ UEFA ក្លិបម្ចាស់ពានរង្វាន់លីគអ៊ីស្រាអែល Haifa នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Europa League របស់ពួកគេ ទល់នឹងក្លិបបារាំង Stade Rennais នៅឯកីឡដ្ឋាន Red Star Stadium ក្នុងទីក្រុង Belgrade ខណៈជំនួបវគ្គជម្រុះក្នុងពូល F នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដោយវានឹងធ្វើឡើងនៅពីក្រោយការបិទទ្វារ ដោយសារហេតុផលសន្តិសុខ។

ជាមួយគ្នានោះ ក្លិប Maccabi Tel Aviv ដែលលេងនៅក្នុងពូល B នៃក្របខណ្ឌ Conference League នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិបអ៊ុយក្រែន Zorya Luhansk និងក្លិបបែលហ្ស៊ិក KAA Gent នៅកីឡដ្ឋាន TSC Arena ក្នុងទីក្រុង Backa Topola ស្ថិតនៅភាគខាងជើងប្រទេសស៊ែប៊ី។

ការប្រកួតចំនួន ២លើកនេះនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា និងថ្ងៃទី១៤ ខែធ្នូ ដាច់ដោយឡែកពីគ្នា នៅពីក្រោយការបិទទ្វារផងដែរ៕