(អឺរ៉ុប)៖ ស្ថិតក្នុងវ័យ ១៦ឆ្នាំកីឡាករ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងជាងគេរបស់អេស្ប៉ាញ ដែលអាចរកបាន ១គ្រាប់បើកឆាកនាំមុខនៅនាទី៥ ដើមវគ្គទី១ ក្នុងជំនួបវគ្គជម្រុះពានអឺរ៉ុប Euro 2024 ដែលបានយកឈ្នះលើក្រុមស៊ីប (Cyprus)។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

Yamal ជាកីឡាករវ័យក្មេងជាងគេនៅជម្រើសជាតិអេស្ប៉ាញ នាពេលនេះ ហើយបានបើកការស៊ុតនាំមុខនៅនាទី៥ ក្នុងជំនួបដែលយកឈ្នះក្រុមស៊ីប ៣-១ វគ្គជម្រុះពូល A ដែលក្រុមអេស្ប៉ាញ បានលក្ខណៈគ្រប់គ្រាន់នៃការឡើងទៅប្រជែងពាន Euro 2024 នៅអាល្លឺម៉ង់ រួចហើយផងដែរ។

នេះជាគ្រាប់បាល់ទី២ របស់ខ្សែបម្រើវ័យក្មេង Yamal ក្នុងលេងឲ្យជម្រើសជាតិអេស្ប៉ាញ ដែលគ្រាប់ទី១ រកបាននៅជំនួបអេស្ប៉ាញ យកឈ្នះក្រុមហ្សកហ្ស៊ី ៧-១ កាលពីខែកញ្ញា, ខណៈស្ថិតក្នុងវគ្គជម្រុះនេះក្រុមអេស្ប៉ាញ កំពុងមាន ១៨ពិន្ទុឈរពីលើក្រុមស្កុតឡេន ដែលពួកគេត្រូវប៉ះក្រុមហ្សកហ្ស៊ី នៅជំនួបចុងក្រោយ៕