(ឡុងដ៍)៖ នាយកប្រតិបត្តិក្លិប Manchester United លោក Richard Arnold នឹងលាលែងចេញពីតំណែង មុនពេលដែលមានសេចក្តីរាយការណ៍ថា ក្លិបលក់ភាគហ៊ុនឱ្យទៅមហាសេដ្ឋីអង់គ្លេស Jim Ratcliffe។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាយកក្រុមប្រឹក្សាភិបាល និងជាទីប្រឹក្សាទូទៅ លោក Patrick Stewart ដែលបានធ្វើការជាមួយក្លិប Man United អស់រយៈពេលជាង ១៧ឆ្នាំមកហើយនោះ នឹងកាន់តួនាទីជានាយកប្រតិបត្តិបណ្តោះអាសន្ន ដើម្បីទុកពេលវេលាឱ្យអនាគតម្ចាស់របស់ក្លិប មានពេលវេលាដើម្បីជ្រើសរើសនាយកប្រតិបត្តិថ្មី រយៈពេលវែង។

អនាគតនៃភាពជាម្ចាស់របស់ក្លិបអង់គ្លេសនេះ បន្តស្ថិតនៅក្នុងភាពមិនប្រាកដប្រជា បន្ទាប់ពីគ្រួសារ American Glazer កាលពីឆ្នាំមុន បានលើកឡើងថា ពួកគេកំពុងស្វែងរកជម្រើស សម្រាប់ក្លិបដែលជាម្ចាស់ពានរង្វាន់ជើងឯកអង់គ្លេសនេះ ក្នុងនោះរួមទាំងការវិនិយោគថ្មី ឬក៏អាចលក់ចេញ។

សារព័ត៌មាន Reuters បានចុះផ្សាយកាលពីខែតុលាថា មហាសេដ្ឋី Ratcliffe នឹងត្រូវចំណាយជាង១.៥ពាន់លានដុល្លារ សម្រាប់ទិញយកភាគហ៊ុន២៥ភាគរយ ក្នុងក្លិប United គឺជាការដេញថ្លៃរបស់លោក សម្រាប់ក្លិបបាល់ទាត់ដ៏ល្បីល្បាញ ដើម្បីទទួលបានការយល់ព្រមដោយគ្រួសារ Glazer ដែលជាអ្នកគ្រប់គ្រងភាគហ៊ុននោះ។

Glazers មិនទាន់សម្រេចបាននូវកិច្ចព្រមព្រង ជាមួយនឹងមហាសេដ្ឋី Ratcliffe នោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងបញ្ចប់រវាងភាគីទាំងពីរ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមប្រភពមួយ បានប្រាប់ Reuters កាលពីដើមខែនេះ៕