(បរទេស)៖ TikTok គឺជាកម្មវិធីកម្សាន្តមួយរបស់ចិន ដែលទទួលបានប្រជាប្រិយភាពជាខ្លាំងពីអ្នកប្រើប្រាស់ជុំវិញពិភពលោក។ គិតត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២៣ នេះចំនួនអ្នកប្រើប្រាស់បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងចំនួននោះ តាមរយៈការស្ទង់មតិថ្មីមួយបានបង្ហាញថា អ្នកចូលប្រើ TikTok ភាគច្រើនគឺ ដើម្បីតាមដានព័ត៌មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមការសិក្សាថ្មីមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឱ្យដឹងថា ភាគរយនៃអ្នកប្រើប្រាស់ TikTok ដែលចូលមើលព័ត៌មានជាទៀងទាត់តាមរយៈ App បានកើនឡើងដល់ ៤៣ភាគរយក្នុងឆ្នាំ២០២៣ នឹងបានកើនឡើងពី ២២ភាគរយ បើធៀបនឹងចំនួនអ្នកប្រើប្រាស់ក្នុងឆ្នាំ ២០២០។ នេះគឺ ផ្ទុយពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនទៀត ដែលការប្រើប្រាស់ផ្នែកព័ត៌មានបានធ្លាក់ចុះ ឬនៅដដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

Pew បានបន្ថែមថា ការសិក្សាក៏បានរកឃើញផងដែលដោយក្នុងចំនួននោះ ភាគច្រើនគឺមនុស្សមានវ័យក្រោម ៣០ឆ្នាំ នឹងគិតជាភាគរយមានប្រហែល ២៦ភាគរយ ឬស្មើនឹង ១ភាគ ៤នៃចំនួនសរុបអ្នកប្រើប្រាស់ជនជាតិអាមេរិក ដែលបានតាមដានព័ត៌មានជាប្រចាំថ្ងៃ។

គួរជម្រាបដែរថា កម្មវិធីបណ្តាញផ្សព្វផ្សាយសង្គមដែលកំពុងទទួលបានសន្ទុះពីអ្នកគាំទ្របច្ចុប្បន្នតាមរយៈការតាមដានព័ត៌មាន ព្រឹត្តិការណ៍សង្គមរួមមានបណ្តាញផ្សព្វផ្សាយអាមេរិក Facebook ដែលជាបុត្រសម្ព័ន្ធរបស់ Meta មានប្រហែល ៣០ភាគរយ YouTube មាន ២៦ភាគរយ Instagram មាន ១៦ភាគរយ និង TikTok មាន ១៤ភាគរយ។ ខណៈការស្ទង់មតិនេះសម្រាប់តែអ្នកប្រើប្រាស់ជាជនជាតិអាមេរិកប៉ុណ្ណោះ៕