(បរទេស)៖ ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ជាស្នាដៃដឹកនាំដោយផលិតករជើងចាស់ Ridley Scott មានចំណងជើងថា «ណាប៉ូឡេអុង» បានចាប់ផ្តើមសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូដកម្មក្នុងជួរហូលីវូដបានបញ្ចាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទស្សនិកជនឃើញថា តារាសម្ដែងម្ចាស់ពានអូស្កា លោក Joaquin Phoenix (វ៉ក់ឃីន ហ្វីនិច) ដែលគេស្គាល់តាមរយៈការសម្ដែងជាតួអង្គ Joker (ចូកឃើ) បានប្រែខ្លួនជាអធិរាជបារាំងណាប៉ូឡេអុង បូណាប៉ាត សម្រាប់ភាពយន្តថ្មីដែលនិយាយអំពីប្រវត្តិសាស្ត្ររបស់ទ្រង់។ ប្រាប់សារព័ត៌មាន Reuters ប្រធានក្រុមហ៊ុន Sony Pictures Motion Picture Group និងជានាយកប្រតិបត្តិលោក Tom Rothman បានឲ្យដឹងថា លោកហាក់ធូរស្បើយក្នុងចិត្តតែម្តង បន្ទាប់ពីភាពយន្តត្រូវបានបញ្ចេញ ក្រោយកូដកម្មរវាងតារាសម្តែង និងស្ទូឌីយោបានបញ្ចាប់។ លោកនិយាយថា «ខ្ញុំពិតជាមានអារម្មណ៍ សំណាងណាស់ដែលកូដកម្ម ត្រូវបានបញ្ចប់ក្នុងពេលវេលានេះ»។

គួរជម្រាបថា ភាពយន្ត «Napoleon» (ណាប៉ូឡេអុង) ដែលផលិតនិងចែកចាយដោយក្រុមហ៊ុន Sony Pictures និងបង្ហាញពីវីរភាពដ៏អស្ចារ្យរបស់ទ្រង់ដែលពោរពេញដោយទស្សនីយភាពជក់ចិត្តលម្អិតអំពីការងើបឡើង និងការដួលរលំនៃនិមិត្តរូបនៃអធិរាជបារាំងអង្គនេះ។ ជាស្នាដៃដឹកនាំដោយផលិតករជើងចាស់ Ridley Scott (រីដលី ស្កត) ភាពយន្តបែបប្រវត្តិសាស្ត្រនេះគ្រោងចេញបញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕