(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសថា អ្នកប្រើប្រាស់ iPhone 14 ទាំងអស់ដែលបានបើកដំណើរការមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នឹងអនុញ្ញាតឱ្យប្រើប្រាស់មុខងារសេវាសង្គ្រោះបន្ទាន់តាមរយៈផ្កាយរណប (Emergency SOS) ដោយឥតគិតថ្លៃបន្ថែមរយៈពេល ១ឆ្នាំទៀត។ ពោលគឺ អាចប្រើប្រាស់ដោយឥតគិតថ្លៃសរុបរយៈពេល ៣ឆ្នាំ ខណៈដែលការប្រកាសចេញដំបូងអាចបានត្រឹម ២ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

Emergency SOS តាមរយៈផ្កាយរណប គឺជាមុខងារមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone 14 អាចធ្វើការទាក់ទងសេវាកម្មសង្គ្រោះបន្ទាន់ ទោះបីជាពួកគេស្ថិតនៅតំបន់ដាច់ស្រយាល គ្មានអ៊ីនធឺណិត និង Wi-Fi ក៏ដោយ។ មុខងារនេះបានជួយសង្គ្រោះជីវិតជនរងគ្រោះជាច្រើនករណីនៅប៉ែកខាងអឺរ៉ុបដែលបានស្ថិតនៅក្នុងស្ថានភាពដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ឡើងភ្នំ ឬវង្វេងនៅតំបន់ដាច់ស្រយាល និងក្នុងព្រៃជ្រៅជាដើម។

គួរជម្រាបដែរថា មុខងារ Emergency SOS ឬសេវាសង្រ្គោះបន្ទាន់របស់ក្រុមហ៊ុន Apple នៅមិនទាន់មានការបង្ហើបណាមួយអំពីតម្លៃពិតប្រាកដសម្រាប់ មុខងារជួយសង្គ្រោះនេះទេ បន្ទាប់ពីរយៈពេលសាកល្បងឥតគិតថ្លៃត្រូវបានបញ្ចប់៕