(ភ្នំពេញ)៖ ភាពយន្តខ្នាតធំដ៏ល្បីល្បាញថៃរឿង «ទំនួញព្រាយ-Tee Yod » បានធ្វើការបើកសម្ពោធ និងចាក់បញ្ចាំងពិសេសនៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ជូនដល់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ដែលបានឈ្នះនូវរង្វាន់បន្ទាប់ពីការលេងហ្គេម ដើម្បីបានទស្សនាមុនគេ ជាមួយនឹងការចាក់បញ្ចាំងនៅក្នុងសាល IMAX នៅលើអេក្រង់ធំអស្ចារ្យ ភ្លឺច្បាស់ត្រជាក់ភ្នែក នៃរោងភាពយន្ត Major Cineplex By Smart នៅផ្សារទំនើប Aeon Mall Sensok។

លោក សុខ សិរីសុភា ប្រធានផ្នែកទីផ្សារ M Picture Cambodia ដែលជាក្រុមហ៊ុននាំចូលភាពយន្តខ្នាតធំឈានមុខគេនៅកម្ពុជា បានលើកឡើងថា រឿង «ទំនួញព្រាយ-Tee Yod» ជាប្រភេទភាពយន្តបែបអបិយជំនឿ អរូប និងមន្តអាគមខ្មៅ ដ៏គួរឲ្យខ្លាចមួយប្រភេទដែលនិពន្ធ និងដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីមួយ និងនិពន្ធតាមសាច់រឿងពិតជាក់ស្ដែង ដែលបានកើតឡើង ទៅលើគ្រួសារកសិករដ៏រន្ធត់មួយ កាលពីកំឡុងឆ្នាំ១៩៧២ នៅក្នុងភូម Kanchanaburi ប្រទេសថៃ។

លោកបន្តថា ភាពយន្តនេះ គឺជារឿងថៃដែលបានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងសាល IMAK បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ ហើយការដាក់បញ្ចាំងក្នុង IMAK គឺជាការស្ទាបស្ទង់ទីផ្សារភាពយន្តនៅក្នុងប្រទេសកម្ពុជា។ លោកក៏ចង់ឲ្យមានភាពយន្តខ្មែរមានវត្តមាននៅក្នុងរោងភាពយន្ត IMAK ខណៈដែលបច្ចេកវិទ្យានៃការបញ្ចាំង គឺត្រូវផ្ដោតសំខាន់លើគុណភាព កម្រិតរូបភាព ការចំណាយដើមទុន ដើម្បីឲ្យភាពយន្តកម្ពុជា មានសន្ទុះទីផ្សារខ្លាំងលើឆាកអន្តជាតិ។

ក្រៅពីសាច់រឿងរន្ធត់ ព្រឺព្រួច ដែលធ្វើឲ្យអ្នកទស្សនាពេញមួយរោងកុនថ្ងៃ Pre-screening ជាមួយនឹងសម្រែកហ៊ោ ពោរពេញដោយភាពភ័យខ្លាច និង លាន់មាត់សរសើរថា ពិតជាល្អមើលក្រោយបានទស្សនារួច ទាំងការសម្ដែងរបស់តួអង្គ ពិសេសបច្ចេកទេស ក្រាហ្វិកពីមួយវគ្គទៅមួយវគ្គត្រដមត្រសងគ្នាត្រជាក់ភ្នែក ឆាកលងបន្លាចស្រស់ៗគួរឲ្យសរសើរ។ អ្វីដែលកាន់តែពិសេសនោះ គឺប្រជុំទៅដោយតារាសម្ដែងល្បីៗប្រចាំប្រទេសថៃ ឃ្យូតៗ ស្រស់សង្ហា ក្នុងនោះរួមមាន លោក Nadech, កញ្ញា Rattanawadee, លោក Peerakrith, កញ្ញា Denise Jelilcha ព្រមទាំងតារាប្រុសស្រីជាច្រើនរូបទៀត។

ក្រោយការសម្ពោធដាក់បញ្ចាំង រឿងនេះក៏នឹងមានចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្តទូទាំង ២៥ខេត្តក្រុង ចាប់ពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះតទៅ ដោយប្រិយមិត្តអាចឆែកម៉ោងចាក់បញ្ចាំង ដើម្បីទិញសំបុត្រចូលទស្សនា ឬធ្វើការកក់សំបុត្រតាមរយៈ App ចាប់ពីថ្ងៃនេះតទៅ៕