(បរទេស)៖ ថ្មីៗនេះកម្មវិធី Threads បានជូនដំណឹងដល់អ្នកប្រើប្រាស់ជាច្រើនដែលមានបំណងលុបគណនីចាស់ ឬ ចង់បង្កើតគណនីថ្មី គឺមិនចាំបាច់លុបកម្មវិធីដើមនោះទេ ពោលគឺមានវិធីសាស្រ្តក្នុងការបិទគណនីនោះដោយមិនពាក់ព័ន្ធដល់ Instagram។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

Threads គឺជាកម្មវិធីបណ្តាញផ្សព្វផ្សាយសង្គមជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ ហើយគិតត្រឹមតែរយៈពេល ៥ថ្ងៃដំបូងទទួលបានអ្នកប្រើប្រាស់ច្រើនរហូតដល់ទៅ ១០០លានគណនីឯណោះ។ បណ្តាញផ្សព្វផ្សាយសង្គមនេះនៅពេលដែលអ្នកប្រើប្រាស់បង្កើតគណនីដំបូង គឺត្រូវបានភ្ជាប់ទៅនឹងគណនីដើម Instagram ដោយស្វ័យប្រវត្តិតែម្តង ដោយកម្មវិធី Threads នេះគឺជាខ្សែស្រឡាយបន្ទាប់ នឹងអាចមើលឃើញរាល់ការបង្ហោះរបស់ Instagram។

ប៉ុន្តែចំពោះអ្នកប្រើប្រាស់ដែលមិនចង់ប្រើគណនីនៅលើកម្មវិធី Threads ដូចទៅនឹង Instagram នោះគឺ លែងជាបញ្ហាហើយ។ តាមរយៈការជូនដំណឹងថ្មីៗនេះអ្នកប្រើប្រាស់កម្មវិធី Threads ទាំងអស់អាចបង្កើតគណនីថ្មីបានដោយធ្វើតាមវិធីសាស្រ្តនេះ ដោយចូលទៅកាន់ Setting នៅក្នុង Threads ជ្រើសពាក្យ Account និងជ្រើសយកពាក្យ Delete ឬ Deactivate Profile ជាការស្រេច។

គួរជម្រាបដែរថា ការលុបគណនី ឬបិទដំណើរការគណនីនៅលើកម្មវិធី Threads នេះនឹងមិនប៉ះពាល់ដល់គណនី Instagram នោះទេ ហើយដើម្បីអាចប្រើប្រាស់មុខងារថ្មីនេះបានអ្នកប្រើប្រាស់ត្រូវតែធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយជាមុនសិន បន្ទាប់ធ្វើតាមការណែនាំខាងលើនោះនឹងអាចលុបគណនីចាស់បានហើយ៕