(ភ្នំពេញ)៖ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិ គឺជាវេទិកាស្វែងរកកីឡាករ-កីឡាការិនីឆ្នើម ដែលមានសក្ដានុពល និងឧបនិស្ស័យ មកចូលរួមប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីឈានទៅរកការប្រកួតអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិមាតុភូមិនាពេលខាងមុខ។

ការគូសបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខាងលើ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅទីលានប៉េតង់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតប្រចាំឆ្នាំនេះ គ្រោងធ្វើឡើង៣ថ្ងៃ ដោយមានការចូលរួមពី សម្ព័ន្ធ-ក្លិប ចំនួន៥៣ មកពី ១២រាជធានី-ខេត្ត ៣ស្ថាប័ន និងមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់។

ប្រធានសហព័ន្ធដដែលបន្ដថា «គោលបំណងនៃការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីលើកស្ទួយវិស័យកីឡាប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប និងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីទូទាំងប្រទេស អាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ហើយក៏ជាវេទិកាសម្រាប់សហព័ន្ធសម្លឹងមើលកីឡាករ-កីឡាការិនីមានសក្ដានុពល និងឧបនិស្ស័យលើកីឡាប៉េតង់ មកចូលរួមប្រមូលផ្ដុំជាក្រុមជម្រើសជាតិយុវជន ឬថ្នាល នាឆ្នាំបន្ដបន្ទាប់ទៀត»។

តាមរយៈការប្រកួតនាឆ្នាំកន្លងមក លោកកត់សម្គាល់ឃើញកីឡាករ-កីឡាការិនីម្នាក់ មានទឹកដៃលេងខុសៗគ្នា ហើយពីមួយឆ្នាំទៅមួយឆ្នាំ សមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏កាន់តែរីកចម្រើនឡើង។ ដូច្នេះការប្រកួតនេះអាចចាត់ទុកជាទីលានសាកល្បងសមត្ថភាព និងជាកន្លែងមួយសម្រាប់ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីបច្ចេកទេសក្នុងការលេងកីឡាប៉េតង់រវាងគ្នាទៅវិញទៅមកផងដែរ។ លោក សុខ សូកាន បន្ថែម។

ឆ្លៀតឱកាសនោះ លោកក៏បានរំឮកពីភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយលោកបានសង្កត់ធ្ងន់ ចំពោះភាពអស្ចារ្យនេះថា «បានបង្ហាញទៅកាន់ពិភពលោកថា ស្មារតីកីឡារបស់កម្ពុជា គឺលើសពីពាក្យថា ឈ្នះ និងចាញ់! លើសពីការទទួលបានមេដាយ ឬមិនទទួលបានមេដាយ តែជាការបង្ហាញចេញនូវស្មារតីខិតខំតស៊ូរបស់អត្តពលិក ការបង្ហាញពីឆន្ទៈដ៏មុះមុតរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងជាស្មារតីសាមគ្គីរបស់គ្រួសារខ្មែរ ដែលយើងជឿជាក់ថា ខ្មែរធ្វើបាន! ប្រជាជនកម្ពុជា បានធ្វើឲ្យពិភពលោកឃើញថា កម្ពុជា ជាម្ចាស់ផ្ទះដ៏កក់ក្ដៅ! កម្ពុជា ជាប្រទេសតូចតែមានបេះដូងមហាសាល»

យោងតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួត សម្រាប់ព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះនឹងដំណើរការប្រកួតពីថ្ងៃទី១៦-១៨ ខែវិច្ឆិកាខាងមុខ ដោយមានសម្ព័ន្ធ និងក្លិបចំនួន ៥៣ មកពី ១២រាជធានី-ខេត្ត និង ៣ស្ថាប័ន បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ៤១៦នាក់មកចូលរួមការប្រកួត។ ចំពោះការប្រកួត គឺមាន ៦វិញ្ញាសា រួមមានវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់, វិញ្ញាសាវាយយកពិន្ទុបុរស-នារី និងវិញ្ញាសាយុវជន-យុវនារីអាយុ ១៣-១៦ឆ្នាំ ១នាក់ ទល់ ១នាក់៕