(រ៉ូម)៖ ប្រមាណជាង ៣០ឆ្នាំមុន Sampdoria អតីតជាក្រុមជើងខ្លាំងមួយនៅអឺរ៉ុប ដែលពួកគេបានឈ្នះពាន Serie A រួមទាំងពាន Cup Winners’ Cup និងចាញ់ FC Barcelona វគ្គផ្តាច់ព្រ័ត្រពាន European Cup នៅកីឡដ្ឋាន Wembley ទៀតផង ដែលមាន Gianluca Vialli និង Roberto Mancini នៅជាកីឡាករ។

តែបច្ចុប្បន្ននេះ ពោលក្នុងរដូវកាលឆ្នាំ២០២៣-២០២៤ ពួកគេបានធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ Serie B របស់អ៊ីតាលី និងឈរនៅលេខរៀងទី១៤ ដោយមានអតីតកីឡាករនិម្មិតរូប Juventus គឺលោក Andrea Pirlo ដឹកនាំផងដែរ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចក្នុងក្លិប Sampdoria បានក្ស័យធន និងលក់ទៅឲ្យម្ចាស់ថ្មីគឺលោក Andrea Radrizzani អតីតម្ចាស់ក្លិបអង់គ្លេស Leeds United ដែលត្រូវបានគេរំពឹងថា នឹងធ្វើឲ្យក្លិបមួយនេះខ្លាំងដូចជំនាន់ទស្សវត្សរ៍ឆ្នាំ៩០ ឡើងវិញដែរ។

ក្នុងរដូវកាលឆ្នាំ២០២២-២០២៣ Sampdodia បានជួបរឿងដែលមិនអាចបំភ្លេចបាន នៅពេលពួកគេត្រូវបានកាត់ចេញពី Serie A បន្ទាប់ពីឈរជើងលេងក្នុងលីគកំពូលអ៊ីតាលីមួយនេះ អស់រយៈពេល ១១ឆ្នាំ។ ជាងពាក់កណ្តាលក្លិបនេះ មានកីឡាករសុទ្ធតែក្មេងៗខ្វះបទពិសោធន៍ ជាមួយនឹងការបរាជ័យក្នុងដី ៤ប្រកួតជាប់ៗគ្នាផងដែរនាដើមរដូវកាល និងដាច់ ៦ពិន្ទុផងដែរពីតំបន់លេងវគ្គជម្រុះ ដែលពួកគេរំពឹងថាអាចធ្វើបាន លើសពីអ្វីដែលប្រាថ្នាចង់វិលមកលេងក្នុង Serie A វិញទៅទៀត៕