(បរទេស)៖ អាចនិយាយបានថា ក្រុមចម្រៀង SEVENTEEN បានក្លាយជាតារា K-POP ដំបូងគេ ដែលបានឡើងសម្តែង និងថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍យុវជនរបស់អង្គការយូណេស្កូ ត្បិតនេះជាវេទិកាប្រមូលផ្តុំយុវជនមកពីជាង ១៥០ ប្រទេស ចូលរួមក្នុងគោលបំណងបង្កើតកន្លែងមួយ សម្រាប់យុវជនអាចបញ្ចេញមតិ និងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលយុវជន ជុំវិញ ពិភពលោកជួបប្រទះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៦ ខែវុិច្ឆិកា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី១៤ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយងាកមកក្រុមចម្រៀង K-POP មួយនេះបានសម្តែងបទថ្មីៗរបស់ពួកគេនៅទីស្នាក់ការកណ្តាលទីក្រុងប៉ារីសនៃអង្គការយូណេស្កូ ហើយបន្ទាប់មកសមាជិកទាំង ១៣នាក់របស់ក្រុមចម្រៀងបុរសកូរ៉េ SEVENTEEN បានថ្លែងសុន្ទរកថា ដោយលើកឡើងពីសារៈសំខាន់នៃការអប់រំ និងសាមគ្គីភាពដើម្បីធានាអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជន ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

គួរជម្រាបថា ក្រុម SEVENTEEN  ក្រៅពីទទួលពានរង្វាន់ជាច្រើននៅកូរ៉េ ពួកគេក៏ធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិជាច្រើនដែរ ដូចជាពានរង្វាន់នៅកម្មវិធី MTV Video Music Awards ចំនួន៣ កាលពីឆ្នាំមុន និងពានរង្វាន់ ២ទៀតនៅកម្មវិធី MTV Europe Music Awards ឆ្នាំ២០២២៕