(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់អាជីព Manchester City បានបំបែកកំណត់ត្រាថ្មី ក្នុងនាមក្លិបដែលរកចំណូលសរុបបាន ដល់ទៅ ៧១២.៨លានផោនច្រើនជាងគេ ក្នុងរដូវកាលមុន បន្ទាប់ពីពួកគេដណ្តើមបានពាន៣ ផងដែរ។

ការកើនប្រាក់ចំណូលខ្ពស់បែបនេះ ក្រោយពេលពួកគេធ្វើបាន និងក្លាយជាក្លិបទី២ របស់អង់គ្លេសដែលឈ្នះពានដល់ទៅ៣ ក្នុង ១រដូវកាល បន្ទាប់ពីសមាជិក Premier League គឺបិសាចក្រហម Manchester United ធ្វើបានមុនគេកាលឆ្នាំ១៩៩៩ តាមរយៈឈ្នះពាន Premier League, FA Cup និង UEFA Champions League។

តែយ៉ាងណាចំណូលសរុបដ៏ច្រើនបែបនេះ ក៏នៅតិចជាងក្លិបអេស្ប៉ាញ FC Barcelona ដែលរកចំណូលបានដល់ទៅ ៨៦១.៤៣លានផោន កាលឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរ Man City ក៏បានបញ្ជាក់ប្រាប់ពីបម្រែបម្រួលប្រាក់ខែពី ៧០លានផោន កើនដល់ទៅ ៤២២.៨៩លានផោនផងដែរ ជាមួយនឹងការចំណាយ ២៦២លានផោន ក្នុងការទិញកីឡាករថ្មីចូលរដូវកាលមុន បូករួមទាំងប្រាក់ឧបត្ថម្ភទៀតផង នៅពេលក្លិបមេឃខៀវមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថា រកចំណូលបានតែ ៨៤លានផោនប៉ុណ្ណោះពីការការលក់កីឡាករចេញរួមមាន Cole Palmer, Riyad Mahrez, Aymeric Laporte និង James Trafford ជាដើម៕