(ភ្នំពេញ)៖ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក (Banjaran Asset Management (Cambodia) PLC (BAMC) បានទទួលជោគជ័យក្នុងការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដើម្បីបើកដំណើរការមូលនិធិ BAMC Asia Equity Fund (BAEF) នៅកម្ពុជា។ BAEF គឺជាមូលនិធិលក់រាយដំបូងគេសម្រាប់ដាក់លក់នៅកម្ពុជា ដែលសាធារណជនអាចវិនិយោគបាន។

BAEF គឺជាមូលនិធិវិនិយោគ ដែលវិនិយោគលើពិពិធកម្មផលបត្រនៃក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនសំខាន់ៗនៅ Asia Pacific Ex-Japan។ មូលនិធិនេះមានគោលដៅផ្តល់អត្ថប្រយោជន៍នៃការវិនិយោគនៅតំបន់អាស៊ី ជាកន្លែងដែលអ្នកសេដ្ឋកិច្ច នៅទូទាំងពិភពលោកមើលឃើញថាជាតំបន់ដែល នឹងមានកំណើនសេដ្ឋកិច្ចឈានមុខគេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ បាវចនារបស់មូលនិធិគឺ «The Rise of Asia»

ក្នុងនាមជាមូលនិធិលក់រាយដំបូងគេ ដែលទទួលបានការអនុញ្ញាតពី ន.ម.ក ដើម្បីបើកដំណើរការនៅក្នុងប្រទេសកម្ពុជា, BAMC នឹងផ្តល់ឱ្យវិនិយោគិនកម្ពុជានូវឱកាសមួយដើម្បីធ្វើពិពិធកម្មការ វិនិយោគរបស់ពួកដែលរហូតមកដល់បច្ចុប្បន្ន នៅតែពឹងផ្អែកលើប្រាក់បញ្ញើនៅធនាគារ ដើម្បីបានផលចំណេញតិចតួច ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។ លើសពីនេះ ប្រជាជនកម្ពុជានឹងលែងត្រូវការធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅបរទេស ដើម្បីទទួលបានឱកាសវិនិយោគនៅក្រៅប្រទេសទៀតឡើយ។

BAEF គឺជាមូលនិធិដំបូងមួយនៃមូលនិធិបន្តបន្ទាប់ទៀតដែល BAMC គ្រោងនឹងនាំយកមកជូនសាធារណជន ដើម្បីវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីឱ្យអ្នកវិនិយោគទាំងអស់អាចទទួលបានមូលនិធិនេះ, BAMC បានកំណត់ចំនួនទឹកប្រាក់វិនិយោគអប្បបរមាត្រឹមតែ ៥០០ដុល្លារអាមេរិកប៉ុណ្ណោះ។

BAMC គឺជាអ្នកគ្រប់គ្រងមូលនិធិរបស់ BAEF ជាមួយក្រុមហ៊ុន Banjaran Asset Management Pte Ltd (BAMPL) នៃប្រទេសសិង្ហបុរី ដែលជាអ្នកផ្តល់ប្រឹក្សាលើការវិនិយោគ។ ចំណែក ឯ ក្រុម ហ៊ុន Stronghold Trustee Co., Ltd (ST) គឺជាក្រុមហ៊ុន ថែរក្សាមូលនិធិជំនួស។

លោកស្រីឧកញ៉ា ចាន់ ធានី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BAMC បានថ្លែងថា ៖ «យើងខ្ញុំមានកិត្តិយស និងរីករាយដែលបានក្លាយជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការដាក់ឱ្យដំណើរការមូលនិធិវិនិយោគរួមសាធារណៈដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)»។ នាងខ្ញុំសូមថ្លែងដោយមោទនភាពថានៅក្នុងដំណើរការទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតផ្សេងៗ គឺយើងបានបណ្តុះបណ្តាលក្រុមការងារដែលជាប្រជាជនកម្ពុជានៅក្នុងប្រទេសដើម្បីកាន់កាប់តួនាទីផ្សេងៗនៅក្នុងផ្នែកនៃការគ្រប់គ្រងទ្រព្យសកម្ម»

លោស្រីឧកញ៉ា ចាន់ ធានី បានបន្ថែមថា ៖ «សម្រាប់ការដាក់ឱ្យដំណើរការមូលនិធិ BAEF យើងបាននាំយកនូវ ជំនាញគ្រប់គ្រងមូលនិធិអន្តរជាតិ និងការអនុវត្តអភិបាលកិច្ចល្អ បំផុត។ យើងខ្ញុំសង្ឃឹមថាវានឹងកំណត់ស្តង់ដារខ្ពស់សម្រាប់ឧស្សាហកម្មគ្រប់គ្រងទ្រព្យសកម្មឱ្យកាន់តែឆ្ពោះទៅមុខ»

លោក Aaron Ng (Aaron) អគ្គនាយកក្រុមហ៊ុន BAMPL បានថ្លែងថា ៖ «ក្រុមហ៊ុន BAMPL មានមោទនភាពដែលបានធ្វើជាទីប្រឹក្សាវិនិយោគរបស់មូលនិធិ BAEF, ជាមូលនិធិវិនិយោគសាធារណៈដែលទទួលបានការអនុញ្ញាតដំបូងគេនៅកម្ពុជា។ យើងបានពង្រីកបទពិសោធន៍របស់យើង ការអនុវត្តជាអន្តរជាតិ និងការអនុវត្តអភិបាលកិច្ចល្អបំផុតដល់ BAMC។ យើងសូមជូនពរដល់ការសម្ពោធដាក់ឱ្យដំណើរការ BAMC នេះទទួលបានជោគជ័យ»

BAEF គឺជាមូលនិធិវិនិយោគ ដែល វិនិយោគ ទៅ លើភាគហ៊ុនដែលបានចុះបញ្ជី នៅក្នុងផ្សារហ៊ុនសំខាន់ៗនៅ Asia Pacific Ex-Japan។ គម្រោងវិនិយោគមូលនិធិនេះមានគោលបំណងផ្តល់ផលចំណេញត្រឡប់មកវិញក្នុងចន្លោះ ៧-១០ ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលមធ្យមទៅរយៈពេលវែង។

មូលនិធិនេះ រំពឹងថានឹងត្រូវបានធ្វើពិពិធកម្មជាមួយនឹងភាគហ៊ុនយ៉ាងហោចណាស់៣០ នៅទូទាំងតំបន់អាស៊ី (ដូចជានៅសិង្ហបុរី ហុងកុង/ចិន អូស្ត្រាលី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន។ល។) និងលើ វិស័យផ្សេងៗជាច្រើន (ដូចជាវិស័យធនាគារ អចលនទ្រព្យ ឧស្សាហកម្ម អ្នកប្រើប្រាស់, ទូរគមនាគមន៍, និងបច្ចេកវិទ្យា។ល។)។

មូលនិធិនេះមានមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកំណត់ជាប្រាក់ដុល្លារ។ មូលនិធិនឹងទទួលការធ្វើបរិវិសកម្ម និងការទូទាត់សងជាងរៀងរាល់ថ្ងៃ ហើយតម្លៃឯកតា ប្រចាំថ្ងៃរបស់មូលនិធិនឹងមាននៅលើបណ្តាញផ្សព្វផ្សាយផ្សេងៗ។

*ផលចំណេញពីការវិនិយោគមិនត្រូវបានធានា។

BAMC ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាក្នុងឆ្នាំ២០២២ ហើយទទួលបាន អាជ្ញាបណ្ណគ្រប់គ្រងមូលនិធិដែលចេញដោយ ន.ម.ក ដើម្បីបង្កើត និងគ្រប់គ្រង មូលនិធិសាធារណៈ នៃគម្រោងវិនិយោគរួម។ BAMC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Banjaran Holdings Pte Ltd មកពីប្រទេសសិង្ហបុរី, Best Magnet Capital Co., Ltd, និង Primo Plus Co., Ltd, Banjaran Holdings និង BAMPL ដែលជាក្រុមហ៊ុនពាក់ព័ន្ធ។

អំពីក្រុមហ៊ុន Stronghold Trustee Co., Ltd (“ST”) ST គឺជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសពេញលេញ ដែលផ្តល់អាជ្ញាបណ្ណដោយនិយតករមូល បត្រ កម្ពុជា និងបានចុះបញ្ជីជាមួយ Trust Regulator។ ក្រុមហ៊ុនមានឯកទេស លើសេវាកម្មបរធនបាលកិច្ច រួមទាំងគម្រោងវិនិយោគរួម (Collective Investment Scheme) បរធនបាលកិច្ចបុគ្គល (Personal Trust) និងបរធនបាលកិច្ចពាណិជ្ជកម្ម (Commercial Trust) ដែល ស្របតាម តម្រូវការ របស់អតិថិជន។ ST គឺជាផ្នែកមួយនៃក្រុមហ៊ុន Stronghold Group of Companies និងមានដើមកំណើតមកពីតៃវ៉ាន់។

BAMPL ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្នក្រុមហ៊ុនមានអាជ្ញាបណ្ណសេវាកម្មទីផ្សារមូលធន (Capital Market Services) ក្នុងការគ្រប់គ្រងមូលនិធិដែលចេញដោយ អាជ្ញាធររូបិយវត្ថុសិង្ហបុរី។

សកម្មភាពអាជីវកម្មចម្បងៗរបស់ក្រុមហ៊ុន BAMPL គឺគ្រប់គ្រងការវិនិយោគ ហើយមូល និធិ របស់ ក្រុមហ៊ុនត្រូវបានចែកចាយតាមរយៈធនាគារឯកជន និងធនាគារវិនិយោគ នៅទូទាំងតំបន់អាស៊ី និងចក្រភពអង់គ្លេស។ BAMPL ហើយក៏ជាក្រុមហ៊ុនផ្តល់សេវាកម្មចម្រុះឈានមុខគេជាច្រើនទៀតនៅក្នុងប្រទេសសិង្ហបុរីផងដែរ។

ទ្រព្យសម្បត្តិស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន BAMPL មានចំនួនប្រមាណ ៥ប៊ីលានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣) នៅក្នុងប្រភេទទ្រព្យសកម្មជាច្រើនប្រភេទ។ ក្នុងនោះរួមមានមូលបត្រឯកជន និងមូលបត្រដែលបានចុះបញ្ជី, បំណុលឯកជន និងបំណុលដែលបានចុះបញ្ជី, ការវិនិយោគជំនួសការវិនិយោគផ្តោតលើបរិស្ថាន សង្គម អភិបាលកិច្ច (ESG) និងការវិនិយោគអចលនទ្រព្យ៕