(អ៉ីតាលី)៖ ក្លិបលីគអ៉ីតាលី Napoli បានសម្រេចតែងតាំងអតីតគ្រូបង្វឹកលោក Walter Mazzarri ជាអ្នកចាត់ការក្រុមរបស់ពួកគេម្តងទៀត បន្ទាប់ពីបានបណ្តេញលោក Rudi Garcia ចេញពីតំណែងក្រោយដឹកនាំបានត្រឹម ១៦ប្រកួតជាមួយលទ្ធផលលេងចាញ់ក្នុងកីឡដ្ឋាន Maradona នៃលីគអ៉ីតាលី Serie A រដូវកាលនេះ។

នេះជាការវិលមកវិញរបស់លោក Walter Mazzarri ជាអតីតគ្រូបង្វឹកធ្លាប់ដឹកនាំក្រុម Napoli នៅរដូវកាល២០០៩ រហូតដល់២០១៣ ផងដែរ មុនពេលបញ្ចប់កិច្ចសន្យាទៅដឹកនាំក្រុម Inter Milan ស្ថិតក្នុងលីគជាមួយគ្នានោះ ខណៈកិច្ចសន្យារបស់លោក គឺមានរយៈពេលរហូតបញ្ចប់រដូវកាលនេះ ក្នុងតួនាទីអ្នកចាត់ការក្រុម Napoli ម្តងទៀត។

លោក Walter Mazzarri មានវ័យ ៦២ឆ្នាំរូបនេះ ក៏ធ្លាប់ជួយក្រុម Napoli លើកពាន Coppa Italia 2011-12 និងរងជើងឯកពាន Supercoppa Italiana រួមជាមួយការបញ្ចប់ឈរលេខរៀងទី២ នៃលីគកំពូល Serie A រដូវកាល២០១២-១៣ ដែលជាចំណាត់ថ្នាក់ខ្ពស់ឈានទៅប្រជែងពាន UEFA Champions League នាពេលនោះ។

ខណៈការប្រជែងលីគរដូវកាលនេះក្លិប Napoli ពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៤ រកបាន ២១ពិន្ទុបណ្តោះអាសន្ន ហើយប្រកួតបន្ទាប់ត្រូវប៉ះក្រុមឈរលេខ៥ ក្លិប Atalanta នៃសប្តាហ៍ទី១៣ ដោយឡែកការសម្រេចបញ្ចប់កិច្ចសន្យាលោក Rudi Garcia គឺក្រោយពេលដឹកនាំក្រុមលេងចាញ់ក្រុមឈរលេខរៀងទី១៧ ក្លិប Empoli ១-០ ក្នុងកីឡដ្ឋាន Maradona នាមជាក្រុមការពារតំណែងជើងឯករដូវកាលមុន៕