(ភ្នំពេញ)៖ វីរកីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចដ៏ជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ គ្រាដែលលោក បូ វិរៈ អគ្គលេខាធិការចាស់ ត្រូវបានតែងតាំងជាអនុប្រធានសហព័ន្ធ។

ការប្រកាសតែងតាំងតួនាទីភារកិច្ចថ្មី ដល់ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម និងកីឡាអាស៊ីខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ក្រោមវត្តមានលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។

លោក ណុះ ស្លេះ បានគូសបញ្ជាក់ថា បន្ទាប់ពីសហព័ន្ធ បានបង្កើតឡើងនៅ (ឆ្នាំ២០១៧) កីឡាករ សាលី អ៊ូមើត ធ្លាប់ទទួលសេចក្ដីទុកចិត្តពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ធ្វើជាអគ្គលេខាធិការម្ដងរួចមកហើយ តែដោយសារលក្ខខណ្ឌប្រកួតស៊ីហ្គេម មិនអនុញ្ញាតឲ្យកីឡាករមានតួនាទី ២ (ជាកីឡាករផង ជាមន្ដ្រីសហព័ន្ធផង) ទើបសហព័ន្ធតម្រូវឲ្យ អ៊ូមើត លាលែងពីតំណែង ដើម្បីប្រើប្រាស់សមត្ថភាព និងទេពកោសល្យរបស់ខ្លួន ចូលរួមប្រកួត និងដណ្ដើមមេដាយមាសជូនជាតិ ។

ក្រោយប្រកួតស៊ីហ្គេមដ៏ជោគជ័យ ដោយមើលឃើញពីការខិតខំប្រឹងប្រែង និងសមិទ្ធផលនានា ដែល សាលី អ៊ូមើត បានសាងស្នាដៃជូនសហព័ន្ធ និងប្រទេសជាតិនាពេលកន្លងមក គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏សម្រេចផ្ដល់ការគាំទ្រឲ្យរូបលោកធ្វើជា អគ្គលេខាធិការ ជាថ្មី នាពេលនេះ ។ ថ្នាក់ដឹកនាំសហព័ន្ធ សង្ឃឹមថា ទាំង អ៊ូមើត និងគ្រប់ភាគីពាក់ព័ន្ធ នឹងពួតដៃគ្នា ក្រោមស្មារតីសាមគ្គីផ្ទៃក្នុងជាធ្លង់មួយ ដើម្បីជំរុញវិស័យម៉ូតូទឹកកម្ពុជាឲ្យកាន់តែរីកចម្រើន ទាំងលើឆាកជាតិ និងអន្ដរជាតិ។ លោក ណុះ ស្លេះ បន្ថែម ។

លោក សាលី អ៊ូមើត បានសម្ដែងក្ដីរីករាយ ដែលទទួលបានសេចក្ដីទុកជាថ្មីពីថ្នាក់ដឹកនាំសហព័ន្ធ។ លោកប្ដេជ្ញានឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ខ្លួនមាន ដើម្បីរួមចំណែកដឹកនាំសហព័ន្ធ ក៏ដូចជាបណ្ដុះបណ្ដាល និងរៀបចំការប្រកួតនានា ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន និងមានធនធានគ្រប់គ្រាន់ សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា ជាមួយបណ្ដាប្រទេសជិតខាង ក៏ដូចជាព្រឹត្តិការណ៍អន្ដរជាតិធំៗលើពិភពលោក ដូចអ្វីដែលលោកធ្លាប់បានដឹកនាំ និងចូលរួមប្រកួតកន្លងមក ។

ទន្ទឹមជាមួយការទទួលបានការតែងតាំងជាអគ្គលេខាធិការសហព័ន្ធ សាលី អ៊ូមើត ក៏ទទួលបានការប្រគល់ភារកិច្ចពីប្រធានសហព័ន្ធ ក្នុងការដឹកនាំ និងរៀបចំការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកែប ក្នុងឱកាសពិធីបុណ្យសមុទ្រ លើកទី១០ ចាប់ពីថ្ងៃទី០១-០៣ ខែធ្នូខាងមុខ ។ ក្នុងនោះ អ៊ូមើត ក៏ត្រៀមរៀបចំការប្រកួតពិសេសមួយ(សុំមិនទាន់បង្ហើប) ដើម្បីអបអរសាទរ និងផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវជាតិ-អន្ដរជាតិ ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះផងដែរ ៕