(កូរ៉េ)៖ តារា K-Pop G-Dragon ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវគ្រឿងញៀន បានបដិសេធម្តងទៀតនូវការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap News TV កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

តារាចម្រៀងរ៉េបកូរ៉េខាងត្បូងវ័យ៣៥ឆ្នាំ រូបនេះ បាននិយាយថា លោកយល់ព្រមក្នុងការផ្តល់បទសម្ភាសន៍ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវដល់សាធារណជន និង ដើម្បីធានាម្តងជាពីរដងថា លោកពិតជា គ្មានកំហុស។ G-Dragon បាននិយាយថា «ខ្ញុំមិនធ្លាប់ប្រើប្រាស់គ្រឿងញៀន»។ ជុំវិញការទទួលបានលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសារធាតុញៀន ក្នុងអំឡុងពេលសាកសួររបស់ប៉ូលីសកាលពីដើមសប្តាហ៍មុន លោកបានសង្កត់ធ្ងន់ថា «ត្រូវតែមានលទ្ធផលអវិជ្ជមាន ព្រោះខ្ញុំប្រាប់អ្នកម្តងទៀតថា ខ្ញុំមិនដែលប្រើប្រាស់គ្រឿងញៀន មិនបានទទួលថ្នាំញៀនពីនរណាម្នាក់ ឬផ្តល់ថ្នាំឱ្យនរណាម្នាក់នោះទេ»។ លោកថា «វានឹងគ្មានន័យអ្វីទាំងអស់ ប្រសិនបើខ្ញុំធ្វើតេស្តវិជ្ជមាន»

គួរជម្រាបថា ទោះបីជាការធ្វើតេស្តបណ្តោះអាសន្ន ឃើញថាអវិជ្ជមានក្តី តែរហូតមកទល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅតែផ្សាយថា ប៉ូលីសនៅបន្តស៉ើបអង្កេតលើករណីរបស់តារារូបនេះដដែល និងថែមទាំងស្រាវជ្រាវបន្ថែមពីទំនាក់ទំនងរវាងតារារូបនេះ និងវេជ្ជបណ្ឌិត ដែលគេសង្ស័យថា ជាអ្នកផ្តល់ថ្នាំញៀនឲ្យ G-Dragon ផងដែរ បើទោះបីជាតារារូបនេះបដិសេធម្តងហើយម្តងទៀតក្តី៕