(បាលី)៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសប្តាហ៍នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសកល អង្គការមូលនិធិអាស៊ាន (The ASEAN Foundation) ក្រោមការឧបត្ថម្ភពី Google.org ដែលដែលជាមូលនិធិសាខាមនុស្សធម៌ របស់ក្រុមហ៊ុន Google បានរៀបចំកិច្ចពិភាក្សាអំពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោមប្រធានបទ «ការតម្រង់ទិសកសាងភាពធន់លើវិស័យឌីជីថល៖ ការពង្រឹងសហគមន៍អាស៊ាន តាមរយៈអក្ខរកម្មឌីជីថល» វេទិកានេះបានបង្ហាញពីសមិទ្ធិផល និងឥទ្ធិពលជាវិជ្ជមាននៃការអនុវត្តកម្មវិធីរយៈពេល ២ ឆ្នាំក្នុងប្រទេសជាសមាជិកអាស៊ានទាំង ដប់ប្រទេស។
លើសពីនេះ បេសកកម្មកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ដោយការផ្តល់នូវវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល នៅទូទាំងបណ្តាប្រទេសអាស៊ាន ក៏សមស្របនឹងប្រធានបទរបស់អង្គការយូណេស្កូ សម្រាប់សប្តាហ៍នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានឆ្នាំនេះ នោះគឺ «ប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងព័ត៌មានក្នុងលំហឌីជីថល៖ របៀបវារៈសកលរួម»

បន្ទាប់ពីការអនុវត្តរយៈពេលជិតពីរឆ្នាំ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ានបានដំណើរការ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកចំនួន ៦១ វគ្គដោយជោគជ័យ ដោយមានការចូលរួមពីគ្រូបង្វឹកប្រមាណ ១ ៤៥១នាក់នៅទូទាំងតំបន់ ដោយសហការជាមួយដៃគូអនុវត្តក្នុងស្រុកចំនួន ១៥ ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ កម្មវិធីនេះឃើញថាមានបុគ្គលចំនួន ១៩៣ ៩៥៥ ទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាអក្ខរកម្មឌីជីថលចំនួន ២ ៦៤៧។ នេះលើសពីការរំពឹងទុករបស់កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ក្នុងការឈានដល់បុគ្គលចំនួន ១០០ ០០០ នាក់ក្នុងរយៈពេលពីរឆ្នាំ។

នៅប្រទេសកម្ពុជា កម្មវិធីនេះបានបង្កើនចំណះដឹងដល់គ្រូបង្វឹកចំនួន ៨៩នាក់ និងអ្នកចូលរួមចំនួន ៧ ១៦៥ នាក់ ហើយបានធ្វើការជាមួយអង្គការសកម្មភាពលើកកម្ពស់ការអប់រំនៅកម្ពុជា (KAPE) ក្នុងនាមជាដៃគូអនុវត្តក្នុងស្រុក។

លើសពីនេះក្រុមទីប្រឹក្សាយុវជនអាស៊ាន (YAG) បានធ្វើយុទ្ធនាការអក្ខរកម្មតាមអ៊ីនធឺណិត និងតាមទីកន្លែងផ្ទាល់ដែលមាន ចំនួន ១២ នៅទូទាំងបណ្តាប្រទេសអាស៊ាន ដោយផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់បុគ្គលចំនួន ៣ ៨៨១ និងសម្រេចបានការចាប់អារម្មណ៍លើបណ្តាញទំនាក់ទំនងសង្គមជាង ៩៣០ ០០០។ នៅកម្ពុជាយុទ្ធនាការ PUTHI ត្រូវបានផ្តួចផ្តើមដោយ ម៉ា រក្សា ដែលជាសមាជិកក្រុមទីប្រឹក្សាយុវជនអាស៊ាន (YAG)។ យុទ្ធនាការនេះមានគោលបំណង នាំយកការយល់ដឹងអំពីឧក្រិដ្ឋកម្ម តាមលើអ៊ីនធឺណិតដល់និស្សិតសាកលវិទ្យាល័យឆ្នាំទី ១ ដោយផ្តល់ជូនគេនូវវគ្គសិក្សាមូលដ្ឋានពីសុវត្ថិភាពតាមអ៊ីនធឺណិត ។ PUTHI ក៏ទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) snoopedu និង សមាគមធុរកិច្ចកម្ពុជាអ៊ីតាលី (ICBA)។

កិច្ចពិភាក្សាអំពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ប្រមូលផ្តុំដៃគូអនុវត្តក្នុងស្រុក គ្រូបង្គោល អ្នកណែនាំ សមាជិកក្រុមទីប្រឹក្សាយុវជនអាស៊ាន អ្នកតំណាង Google.org លេខាធិការដ្ឋានអាស៊ាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិអាស៊ាន ដើម្បីអបអរសាទរសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ។ តាមរយៈមហាសន្និបាត ការពិភាក្សាជាក្រុមប្រកបដោយការយល់ដឹង និងសិក្ខាសាលាដែលចូលរួមលើប្រធានបទអក្ខរកម្មឌីជីថលផ្សេងៗ វេទិកានេះមានគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីអក្ខរកម្មឌីជីថល ជំរុញកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងផ្តល់នូវឧបករណ៍ និងយុទ្ធសាស្ត្រចាំបាច់ ដើម្បីលើកកម្ពស់ការដាក់បញ្ចូលឌីជីថល និងដោះស្រាយបញ្ហាប្រឈមឌីជីថលនៅទូទាំង អាស៊ាន។

លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានថ្លែងថា «សមិទ្ធិផលនៃ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន គឺជាសមិទ្ធិផលរួមមួយ ដែលពាក់ព័ន្ធនឹងការចូលរួមយ៉ាងសកម្ម និងការលះបង់របស់អ្នកពាក់ព័ន្ធទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ។ យើងកាន់តែខិតទៅជិតមួយជំហានឆ្ពោះ ទៅរកចក្ខុវិស័យនៃការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលដោយឌីជីថល។ បំពាក់ដោយចំណេះដឹង និងជំនាញឌីជីថល អ្នកទទួលផលវិជ្ជមានពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន គឺជាភ្នាក់ងារនៃការផ្លាស់ប្តូរ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងព័ត៌មានមិនពិតនៅក្នុងសហគមន៍របស់ពួកគេ»

លោកស្រី Marija Ralic តំណាង Google.org APAC បានបង្ហាញមោទកភាពរបស់គាត់ ក្នុងការគាំទ្រកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដោយថ្លែងថា កម្មវិធីអក្ខរកម្មឌីជីថលរបស់មូលនិធិអាស៊ាន ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយជាលទ្ធផលជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅទូទាំងអាស៊ីអាគ្នេយ៍។ ការប្តេជ្ញាចិត្ត ការលះបង់ និងឆន្ទៈដែលបង្ហាញដោយអ្នកចូលរួម គ្រូបណ្តុះបណ្តាល និងអង្គការទាំងអស់ពិតជាមានការបំផុសគំនិត ហើយយើងពិតជាមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះតាមរយៈ Google.org ។

នៅពេលយើងបន្តដំណើរឆ្ពោះទៅកាន់អ៊ីនធឺណិតដែលមានសុវត្ថិភាពជាងមុន យើងអាចទទួលបានការបំផុសគំនិតពីការផ្លាស់ប្តូរជាវិជ្ជមាន និងការពង្រឹងអំណាចទាំងនេះ។ ថ្មីៗនេះ Google.org បានគាំទ្រអង្គការមូលនិធិអាស៊ានជាមួយនឹងជំនួយចំនួន ១,៥ លានដុល្លារ ដើម្បីជួយដល់ការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤។ ក្នុងនាមជាដៃគូអនុវត្ត អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) បានកត់សម្គាល់ពីការយល់ដឹងដ៏អស្ចារ្យ ពីប្រជាជនកម្ពុជាក្នុងការដើរតួនាទីយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។

លោក ស សុផាណាក់ ប្រធានសម្របសម្រួលផ្នែកបច្ចេកវិទ្យាសម្រាប់ការអប់រំ នៃអង្គការ KAPE បានមានប្រសាសន៍ថា «អង្គការ KAPE មានមោទកភាពដែលក្លាយជាផ្នែកមួយនៃ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ក្នុងការកសាងថ្នាលឌីជីថលដែលមានសុវត្ថិភាពជាងមុន។ ក្នុងអំឡុងពេលបួនខែនៃកម្មវិធីនេះ យើងបានអប់រំមនុស្សជាង ៧.២០០ នាក់នៅក្នុង ១៥ ខេត្តទូទាំងប្រទេសកម្ពុជា ដែលនឹងក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ ពង្រីកការយល់ដឹងអំពីអក្ខរកម្មឌីជីថលដល់សហគមន៍របស់ពួកគាត់»

DigitalClassASEAN.org ដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្រាប់ចំណេះដឹងឌីជីថលទូទាំងអាស៊ាន
ជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថលនៅទូទាំងតំបន់ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន បានចាប់ផ្តើមវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានឈ្មោះ DigitalClassASEAN.org ។ វេទិកានេះ មិនមែនបង្កើតសម្រាប់តែយុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកអប់រំ អ្នកដឹកនាំសហគមន៍ មន្ត្រីរដ្ឋាភិបាល មនុស្សចាស់ និងបុគ្គលមានពិការភាពផងដែរ។ វេទិកានេះផ្តល់អាទិភាពដល់ការរួមបញ្ចូល និងភាពងាយស្រួល ដោយផ្តល់ឧបករណ៍ជំនួយដល់បុគ្គល ដែលមានពិការភាពក្នុងដំណើរការសិក្សារបស់ពួកគេ។

DigitalClassASEAN.org មាននូវម៉ូឌុលសំខាន់ៗ ចំនួនប្រាំដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល ដែលក្នុងនោះរួមមាន ឌីជីថលសម្រាប់ពលរដ្ឋ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ការចូលរួមជាវិជ្ជមានលើអ៊ីនធឺណិត និងប្រធានបទពិសេសផ្សេងទៀត រួមមានសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គម ការចិញ្ចឹមកូនក្នុងសម័យឌីជីថល និងការជៀសវាងពីការបោកប្រាស់តាមអ៊ីនធឺណិត។

មូលនិធិអាស៊ានបានសហការជាមួយ Break the Fake Movement ដែលជាដៃគូអនុវត្តក្នុងស្រុករបស់កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន និងជាអង្គការត្រួតពិនិត្យការពិត នៅក្នុងប្រទេសហ្វីលីពីន សម្រាប់ការអភិវឌ្ឍន៍ម៉ូឌុល។ ទាំងម៉ូឌុល និងវេទិកាគឺបានដាក់ឱ្យប្រើប្រាស់ជាភាសា ក្នុងតំបន់អាស៊ានចំនួនប្រាំបី៖ ឥណ្ឌូនេស៊ី, ម៉ាឡេ, ខ្មែរ, ហ្វីលីពីណ, ថៃ, ឡាវ, ភូមា, និងវៀតណាម។ នៅពេលបញ្ចប់ជំពូកទាំងអស់នៃមេរៀន អ្នកសិក្សានឹងអាចទាញវិញ្ញាបនបត្រមកបាន។

កិច្ចពិភាក្សាអំពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ត្រូវបានចូលរួមដោយឥស្សរជនសំខាន់ៗពីលេខាធិការដ្ឋានអាស៊ាន សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការមូលនិធិអាស៊ាន ស្ថាប័នតាមវិស័យនាៗនៃអាស៊ាន តំណាងរដ្ឋាភិបាល អ្នកតំណាង Google អង្គការយូណេស្កូ VERA Files និងលោក Syed Saddiq ដែលជាសមាជិកសភាសម្រាប់ទីក្រុងMuar ប្រទេស ម៉ាឡេស៊ី៕