(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung បានបដិសេធនូវរាល់ពាក្យចចាមអារ៉ាមថា ខ្លួនកំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់តម្លៃមធ្យម ដែលគ្រោងចេញលក់នៅឆ្នាំ២០២៤ ជាមួយនឹងម៉ូដែល Galaxy Z Flip6 FE។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅសប្តាហ៍មុននេះប្រភពលេចធ្លាយមួយដែលមានឈ្មោះថា TrendForce បានចែករំលែកដំណឹងថ្មីមួយអំពី Samsung កំពុងរៀបចំស្មាតហ្វូនអេក្រង់បត់លំដាប់មធ្យម ជាមួយនឹងតម្លៃខ្ទង់ ៤០០ ទៅ ៥០០ដុល្លារ ដើម្បីទាក់ទាញអតិថិជនទាំងថ្មីទាំងចាស់ ឱ្យមកសាកល្បងប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួន។

យ៉ាងណាមិញបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានគូសបញ្ជាក់ថា «ក្រុមហ៊ុនមិនមានគម្រោងផលិតស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃមធ្យមនោះទេ ដោយបដិសេធទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលបានលើកឡើងខាងលើ នឹងអះអាងថា ពាក្យចចាមអារ៉ាមទាំងនោះគ្មានប្រភពច្បាស់លាស់»

គួរជម្រាបដែរថា ការបដិសេធខាងលើនេះ ត្រូវបានគេសង្កេតឃើញថា មិនបានច្រានចោលទាំងស្រុងនូវលទ្ធភាពនៃឧបករណ៍ដែលអាចបត់បានដែលមានតម្លៃសមរម្យជាងនេះទេ ប៉ុន្តែ Samsung លើកឡើងថា ខ្លួនមិនមានគម្រោងផលិតស្មាតហ្វូនដែលអាចបត់បានកម្រិតមធ្យមនៅឆ្នាំ២០២៤។ ដូច្នេះមានន័យថា ស្មាតហ្វូនអេក្រង់បត់តម្លៃមធ្យមទំនងជា Samsung នៅតែពិចារណាក្នុងការផលិត តែគ្រាន់តែថា យូរហើយនឹងឆាប់តែប៉ុណ្ណោះ៕