(ម៉ាទ្រីដ)៖ ក្លិប Villareal FC បានសម្រេចប្រកាសតែងតាំងលោក Marcelino ជាអ្នកចាត់ការរបស់ពួកគេជាថ្មីម្តងទៀត បន្ទាប់ពីការចាកចេញរបស់លោក Jose Rojo Martin ត្រឹមតែ ២ខែ, នេះបើតាមការបញ្ជាក់ក្លិបអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Rojo Martin បានចែកផ្លូវគ្នាជាមួយក្លិប Villarreal ត្រឹមការចូលកាន់ការងារនេះរយៈពេល ២ខែប៉ុណ្ណោះ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនាយកផ្នែកបាល់ទាល់ក្លិប លោក Miguel Angel Tena បានដឹកនាំក្រុមក្នុងការប្រកួតបរាជ័យ ៣-១ របស់ពួកគេក្រោមថ្វីជើងក្លិប Atletico Madrid កាលពីថ្ងៃអាទិត្យ ក្នុងលីគ La Liga។

លោក Marcelino ដែលបានចុះកិច្ចព្រមព្រៀង រហូតដល់ឆ្នាំ២០២៦នោះ ធ្លាប់បានដឹកនាំក្លិប Villarreal ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ខណៈបុរសវ័យ ៥៨ឆ្នាំរូបនេះ បានជួយក្លិប Villarreal សម្រេចបាននូវការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំង៦ ចំនួន ៣រដូវកាល និងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអឺរ៉ុប Europa League ផងដែរ។

សម្រាប់តួនាទីជាគ្រូបង្វឹកចុងក្រោយរបស់លោក Marcelino គឺបានធ្វើការដឹកនាំក្លិប Olympique Marseille ដែលលេងនៅលីគបារាំង Ligue 1 ត្រឹមរយៈពេលជាង ៣ខែ។

សូមជម្រាបថា ក្លិប Villarreal បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ នៅតារាងលីគ La Liga រដូវកាលនេះ ដោយមាន ១២ពិន្ទុ ពីការឆ្លងកាត់ ១៣ប្រកួត ហើយការប្រកួតបន្ទាប់របស់ពួកគេ គឺនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមចំណាត់ថ្នាក់ទី១២ Osasuna នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ៕