(ឡុងដ៏)៖ គ្រូបង្វឹកក្រុមស្ត្រីតោខៀវ Chelsea លោកស្រី Emma Hayes នៅពេលនេះត្រូវបានសហព័ន្ធបាល់ទាត់អាមេរិក សម្រេចតែងតាំងជាអ្នកចាត់ការថ្មីនៃក្រុមជម្រើសជាតិនារីសហរដ្ឋអាមេរិក ខណៈនឹងចូលទទួលបន្ទុកការងារនេះ នៅក្រោយពេលរដូវកាលនៃក្របខ័ណ្ឌលីគ Women's Super League បញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៤។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

បច្ចុប្បន្នលោកស្រី Emma Hayes មានអាយុ ៤៧ឆ្នាំ បានកំពុងកាន់តួនាទីដឹកនាំក្រុមស្រ្តី Chelsea ស្ថិតក្នុងលីគបាល់ទាត់ស្ត្រីអង់គ្លេស Women’s Super League ដោយឈរតំណែងនាំមុខកំពូលតារាង ១៦ពិន្ទុលេងមិនចាញ់នោះទេ ពីការឆ្លងកាត់ ៦ប្រកួតមកនេះ។ នាមជាក្រុមការពារតំណែងជើងឯករដូវកាលមុនផងដែរ។

ក្នុងអាជីពជាអ្នកចាត់ការក្រុមលោក Emma Hayes បានដឹកនាំក្រុមស្ត្រីក្លិប Chelsea ឈ្នះពានលីគ Women’s Super League ចំនួន ៦លើកនិងពាន Women’s FA Cup ចំនួន ៥លើក ហើយធ្លាប់ឈ្នះពានឯកត្តជននាមជាគ្រូបង្វឹកល្អ The Best FIFA Football Coach 2021 ដែលលោកស្រីបានចាប់ផ្តើមអាជីពគ្រូបង្វឹកដំបូងនៅក្លិប Chicago Red Stars របស់សហរដ្ឋអាមេរិក។

នៅឆ្នាំ២០២៤ លោកស្រី Emma Hayes នឹងដឹកនាំក្រុមស្ត្រីអាមេរិក ចូលរួមប្រកួតប្រែងមេដាយនៅព្រឹត្តិការណ៍កីឡា Olympic Games នៅទីក្រុងបារីស ខណៈស្រ្តីអាមេរិកធ្លាប់ឈ្នះមេដាយមាសកីឡាអូឡាំពិកចំនួន ៤លើកមកហើយ៕