(បរទេស)៖ ស្ទូឌីយូធំៗក្នុងវិស័យហូលីវូដ ត្រូវបានរាយការណ៍មកថា នឹងផ្តល់ប្រាក់ខ្ទង់៤០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដើម្បីជាផ្នែកមួយធានាដល់ប្រាក់ឈ្នួលបន្ថែម ក៏ដូចជាផែនការអត្ថប្រយោជន៍នានា រួមទាំងប្រាក់ចំណែក Bonus ពីការបញ្ចាំងអនឡាញ ការដំឡើងប្រាក់សំណងអប្បបរមា និងការការពារពីការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ខណៈការផ្តល់ជូននេះ បន្ទាប់ពីការចរចាបានបញ្ចប់ និងឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងកិច្ចសន្យារថ្មីរវាងស្ទូឌីយូ និងតារាសម្តែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Los Angeles ប្រធានសហជីពតារាសម្ដែងហូលីវូដបាននិយាយថា សហជីពរបស់ខ្លួននឹងជួយដល់អ្នកសិល្បៈផ្សេងទៀតដើម្បីចរចាកិច្ចសន្យាថ្មីរបស់ពួកគេនៅឆ្នាំ ២០២៤។ របាយការណ៍ពីសហជីពតារាសម្តែងហូលីវូដ បានឱ្យដឹងថា ៨៦% នៃក្រុមប្រឹក្សាភិបាលបានគាំទ្រកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Netflix, Walt Disney, Warner Bros Discovery និងសមាជិកផ្សេងទៀតនៃសម្ព័ន្ធអ្នកផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះ បានសម្រេចកាលពីថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅ និងបានឈានដល់ការបញ្ចប់កូដកម្ម ខណៈកូដកម្មនេះបានធ្វើឱ្យសេដ្ឋកិច្ចរដ្ឋកាលីហ្វ័រញ៉ាខាតបង់ជាង ៦ពាន់លានដុល្លារ ត្បិតថាមានកូដកម្មពីរធ្វើផ្ទួនៗគ្នា។ កូដកម្មទីមួយគឺកូដកម្មពីសមាគមអ្នកនិពន្ធអាមេរិក បានចាប់ផ្តើមនៅក្នុងខែឧសភា និងមានរយៈពេល ១៤៨ថ្ងៃ ខណៈកូដកម្មទីពីរ គឺកូដកម្មពីសហជីពតារាសម្ដែងបានចាប់ផ្ដើមក្នុងខែកក្កដា និងមានរយៈពេល ១១៨ថ្ងៃ៕