(បាសេឡូណា)៖ អតីតកីឡាករក្លិប Barcelona និងជាខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Dani Alves នឹងប្រឈមការកាត់ទោសមួយនៅក្នុងប្រទេសអេស្ប៉ាញ ដោយរងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ទៅលើស្ត្រីម្នាក់ ក្នុងក្លិបរាត្រីនៅទីក្រុង Barcelona កាលពីខែធ្នូ ឆ្នាំមុន។ នេះបើតាមប្រកាសពីតុលាការអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

Alves ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២០ ខែមករា ហើយត្រូវបានឃុំខ្លួន នៅពន្ធនាគារមួយកន្លែង នៃជាយក្រុង Barcelona ហើយប្រសិនបើរកឃើញមានកំហុសនោះ លោកអាចនឹងជាប់ពន្ធនាគារ រយៈពេលពី៤ទៅ ១៥ឆ្នាំ ខណៈលោកធ្លាប់បានអះអាងថា ចំពោះករណីរំលោភបំពាននេះ គឺមានការព្រមព្រៀងគ្នា ជាមួយនឹងស្ត្រីដែលបានចោទប្រកាន់លើរូបលោក។

នៅក្នុងឯកសារមួយ ដែលមានការចុះហត្ថលេខាដោយចៅក្រមចំនួន ៣រូប នៃតុលាការស៊ើបអង្កេត No 15 ក្នុងទីក្រុង Barcelona ដែលមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយនោះទេ សម្រាប់ដំណើរការនីតិវិធីចាប់ផ្តើមនេះ ហើយបានឱ្យដឹងថា មានហេតុផលគ្រប់គ្រាន់ សម្រាប់ Alves ក្នុងការកាត់ទោស បន្ទាប់ពីមានការស្នើសុំដោយរដ្ឋអាជ្ញាសាធារណៈ និងមេធាវីរបស់ស្ត្រីរងគ្រោះ។

សូមរំលឹកថា កាលពីខែសីហា ចៅក្រមបានចោទប្រកាន់ Alves ជាផ្លូវការ បន្ទាប់ពីបានរកឃើញភស្តុតាង ពីកំហុសដែលធ្វើឡើងដោយកីឡាករវ័យ ៤០ឆ្នាំរូបនេះ ហើយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីការចាប់ខ្លួនរបស់គាត់ សម្រាប់ករណីបទចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទនេះ ក្លិប UNAM ក៏បានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់ Alves ដែលជាកក្លិបអាជីពចុងក្រោយរបស់រូបគេលេងបាន ១៣ប្រកួត ស្ថិតក្នុងលីគប្រទេសម៉ិកស៊ិក៕