(បរទេស)៖ ក្រុមហ៊ុន Amazon.com បានប្រកាសជាផ្លូវការថា ខ្លួននឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីផ្ញើសារ Snapchat ទាំងអស់អាចទិញផលិតផលជាច្រើនរបស់ខ្លួនបានតាមរយៈការដាក់ផ្សាយពាណិជ្ជកម្មនៅលើ Snapchat និងអាចត្រួតពិនិត្យការដឹកជញ្ជូនបានដោយផ្ទាល់តែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

Snapchat គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយដែលមានអ្នកប្រើប្រាស់ជាង ៣០០លាននាក់។ កម្មវិធីនេះមានប្រជាប្រិយភាពជាខ្លាំង ជាពិសេសក្នុងចំណោមមនុស្សវ័យជំទង់ ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏ទាក់ទាញសម្រាប់ Amazon។

យ៉ាងណាមិញភាពជាដៃគូថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Snapchat អាចស្វែងរក និងទិញផលិតផលដោយផ្ទាល់ពី Amazon ដោយមិនចាំបាច់ចាកចេញពីកម្មវិធី Snapchat នោះទេ។ ពោលគឺអ្នកប្រើប្រាស់អាចឃើញពីតម្លៃឥវ៉ាន់ជាក់ស្តែង ពេលវេលាដឹកជញ្ជូន និងព័ត៌មានលម្អិតអំពីផលិតផលជាច្រើនរបស់ Amazon នៅលើ Snapchat ផ្ទាល់។

គួរជម្រាបដែរថា ភាពជាដៃគូពាណិជ្ជកម្មរវាង Amazon និង Snapchat បានចាប់ផ្តើមនៅថ្ងៃចន្ទដើមសប្តាហ៍នេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងសម្រាប់តែអ្នកប្រើប្រាស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ចំពោះបណ្តាលប្រទេសផ្សេងទៀតនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ៕