(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានទទួលការបោះឆ្នោតគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៣-២០២៧ បន្ទាប់ពីលោកបានដឹកនាំសហព័ន្ធប្រកបដោយជោគជ័យគួរជាទីមោទនៈ ក្នុងអាណត្តិចាស់ ទាំងការអភិវឌ្ឍធនធានមនុស្ស និងការដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំឡេងឆ្នោតគាំទ្រ ១០០%ពេញនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៦ និងបន្តអាណត្តិថ្មីទី៧ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន និងមានការចូលរួមជាសក្ខីភាពពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។

យោងតាមលទ្ធផលអង្គមហាសន្និបាតបញ្ចប់អាណត្តិខាងលើ សម្រាប់សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្ដិថ្មី គឺមានចំនួន ១១រូប ក្នុងនោះមានលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធាន, លោកឧកញ៉ា សុខ ហុង អនុប្រធាន, លោក ណយ ផាណា អគ្គលេខាធិការ និងលោក មាស សារ៉េត អគ្គលេខាធិការរង, លោក ខៀវ ចិន្តា ជាអគ្គហិរញ្ញិក ព្រមទាំងសមាជិក ៦រូប គឺលោក អៀម វ៉ាងឌុល, លោក ជុំ រ៉ាទី, លោក ឆាយ សុភាព, លោកស្រី ដួង សាម៉ៃ, លោកស្រី ពេជ្រ យូ និងលោកស្រី ស្រ៊ន សុខអូន ។

បន្ទាប់ពីទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធ លោកទេសរដ្ឋមន្ដ្រី បានរំឮកចំពោះសមិទ្ធផល និងភាពជោគជ័យក្នុងអាណត្តិចាស់កន្លងមក ដោយសារការខិតខំប្រឹងប្រែងខ្លាំងពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងកីឡាករ-កីឡាការិនី ។ ទោះបីមិនទទួលបានមេដាយមាសស៊ីហ្គេម តែការឈ្នះមេដាយប្រាក់ និងសំរឹទ្ធ គឺជាមោទនភាពមួយ សម្រាប់អ្វីដែលសហព័ន្ធពុំធ្លាប់ទទួលបានពីមុន ហើយជាមូលដ្ឋានដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ឈានទៅដណ្ដើមមេដាយមាសកម្រិតអាស៊ី នៅម៉ុងហ្គោលី កាលពីថ្មីៗ ។

បន្ថែមលើនេះ លោកបណ្ឌិត ថោង ខុន បានជំរុញសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្ដិថ្មី ត្រូវបន្ដការខំប្រឹងបន្ថែមទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងកីឡាករ-កីឡាការិនី ក្នុងការប្រជែងមេដាយ ក៏ដូចជាមន្ដ្រីបច្ចេកទេស និងគ្រូបង្វឹកឲ្យឈានដល់កម្រិតអន្ដរជាតិ ។ ម្យ៉ាងវិញទៀត ត្រូវពិនិត្យលទ្ធភាពរៀបចំការប្រកួតអន្ដរជាតិឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនី ក៏ដូចជាធនធានថ្នាលបន្ដវេន សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា អាណត្តិចាស់កន្លងទៅ គឺជាអាណត្តិដ៏ជោគជ័យសម្រាប់សហព័ន្ធ ដែលដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២លើកចុងក្រោយជាប់គ្នា ដែលពីមុនមកកីឡាកាយសម្ព័ន្ធពុំធ្លាប់ទទួលបាន ។ សមិទ្ធផលនេះ ដោយសារមានការដឹកនាំ និងណែនាំរបស់លោកទេសរដ្ឋមន្ដ្រី ហើយបានជំរុញកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ឈានទៅដណ្ដើមបានមេដាយមាសជើងឯកអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី កាលពីថ្មីៗកន្លងទៅថែមទៀត ។

ដូច្នេះដើម្បីរក្សាបាននូវសមិទ្ធផល និងគុណតម្លៃ ដែលបន្សល់ពីអាណត្តិចាស់នេះ ថ្នាក់ដឹកនាំបានគិតគូរ និងដាក់ចេញនូវផែនការច្បាស់លាស់ សម្រាប់អាណត្ដិថ្មី ពិសេសលើការងារបណ្ដុះបណ្ដាលថ្នាល សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។ លោកសង្ឃឹមថា ផ្អែកលើការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការខិតខំប្រឹងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងជំរុញឲ្យកីឡាកាយសម្ព័ន្ធកម្ពុជា សម្រេចបាននូវជោគជ័យថ្មីៗជូនជាតិមាតុភូមិបន្ថែមទៀត ៕