(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា គ្រោងនឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ក្នុងពេលឆាប់ៗខាងមុខនេះ។

សន្និសីទសារព័ត៌មាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៖០០ដល់ម៉ោង ៥៖០០សៀល នៅសាលប្រជុំអគារព្រីនស៍ (Prince Holding Group) ជាន់ទី៥ ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ក៏បានប្រកាសអញ្ជើញ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងបណ្តាក្រុមហ៊ុនដូចជា វិស័យធនាគារ វិស័យរថយន្ត វិស័យទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ ក៏ដូចភ្ញៀវជាតិ-អន្តរជាតិ ដើម្បីចូលរួមទទួលបានព័ត៌មាន លំអិតសំខាន់ៗអំពីការតាំងពិព័រណ៍នេះផងដែរ។

លោក អ៊ួន ពេជ្រភីរម្យ នាយកបត្តិបត្តិក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី នឹងថ្លែងអំពីគោលបំណង នៃការចុះអនុស្សរណៈយោគយល់ និងការរៀបចំកម្មវិធីដេញថ្លៃម្កុដ របស់កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិក្នុងសន្និសីទនេះ។

លើសពីនេះ កម្មវិធីនេះ នឹងមានការរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី។

ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជននានា ដែលមានបំណងចង់ចូលរួមក្នុងសន្និសីទនេះ ដើម្បីសាកសួរព័ត៌មាន អាចចូលរួមកម្មវិធីនេះបានដោយសេរី ហើយអ្នកសារព័ត៌មានជាតិ អន្តរជាតិនឹងត្រូវស្វាគមន៍ដោយភាពកក់ក្តៅផងដែរ៕