(បរទេស)៖ ក្រុមហ៊ុន Hyundai Motors បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ថ្មីសន្លាងមួយនៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងទំហំនៃការវិនិយោគចំនួន ១.៥២ពាន់លានដុល្លារ ខណៈដែលរោងចក្រនេះអាចសាងសង់រួចរាល់នៅឆ្នាំ ២០២៥ ព្រមទាំងអាចចាប់ផ្តើមផលិតរថយន្ត EV ផ្តាច់មុខនៅឆ្នាំ ២០២៦។

យោងតាមការបញ្ជាក់ពី Hyundai បានឱ្យដឹងថា រោងចក្រនេះអាចផលិតរថយន្ត EV បានរហូតដល់ទៅ ២០០,០០០គ្រឿង​ក្នុងមួយឆ្នាំ ដោយក្នុងនោះរថយន្ត SUV ម៉ាក Genesis ដំបូងគេនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦ ខណៈដែលរោងចក្រដែលមានស្រាប់នៅក្នុងតំបន់ Ulsan របស់ក្រុមហ៊ុន Hyundai បាននិងកំពុងផលិតរថយន្តបាន ១,៤ លានគ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបាននាំចេញ ១,១លានគ្រឿងថែមទៀតផង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Hyundai កំពុងផ្តោតលើមជ្ឈមណ្ឌលផលិតក្នុងស្រុក និងនៅសហរដ្ឋអាមេរិកសម្រាប់ពេលនេះ ហើយមិនមានផែនការណាមួយក្នុងការបន្ថយល្បឿនផលិតកម្ម EV របស់ខ្លួននោះទេ មិនដូចគូប្រជែងមួយចំនួនរបស់ខ្លួនដែលកំពុងភ័យខ្លាចដោយសារតែតម្រូវការរថយន្ត EV ធ្លាក់ចុះ។ តាមពិតទៅ Hyundai Motor Group កំពុងត្រៀងមបង្ហាញរថយន្ត EV ចំនួន ៣១ម៉ូដែល រហូតដល់ឆ្នាំ ២០៣០ ពីគ្រប់សាខាទាំងអស់របស់ខ្លួន៕