(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិអូឡាំពិក នាចុងសប្ដាហ៍នេះ ដោយមានប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនី ២១២នាក់ចូលរួមប្រជែង។

តាមការជូនដំណឹងរបស់សហព័ន្ធ ការប្រកួតប្រចាំឆ្នាំនេះ មានការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុបចំនួន ២១២នាក់ មកពី ១៦ក្លិបទូទាំងប្រទេសចូលរួម ។

ចំពោះវិញ្ញាសាប្រកួត សហព័ន្ធបានកំណត់ ៧វិញ្ញាសា សម្រាប់ការប្រកួត ក្នុងនោះមានវិញ្ញាសាឯកត្ដជនបុរស អាយុ ១៩ឆ្នាំឡើង, អាយុក្រោម ១៨ឆ្នាំ និងនារីអាយុក្រោម ១៨ឆ្នាំ ។ វិញ្ញាសាវាយគូបុរសអាយុ ១៩ឆ្នាំឡើង, អាយុក្រោម ១៨ឆ្នាំ និងនារីអាយុ ១៩ឆ្នាំឡើង និងវិញ្ញាសាវាយគូចម្រុះបុរស-នារី មិនគិតអាយុ ។

តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធរំពឹងថា នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី តាមបណ្ដាក្លិបសមាជិកទាំងអស់ បានចូលរួម និងបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក៏ដូចជាបង្កើនគុណភាពឲ្យកាន់តែរីកចម្រើន សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា ៕

http://image.fresh