(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ប្រាក់រង្វាន់ ដែលជាថវិកាផ្ទាល់របស់សម្ដេចដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៨,១៣៤,៩០០,០០០រៀល ឬប្រមាណជាង ៧លានដុល្លារ។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតខាងលើ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC បានបញ្ជាក់ថា កីឡាករ-កីឡាការិនីទាំងអស់ ពិតជាបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីដណ្ដើមយកមេដាយជូនជាតិមាតុភូមិ ហើយស្ដែងចេញពីការខិតខំប្រឹងប្រែងនេះ ទើបពេលនេះ បានទទួលនូវប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកសម្ដេចទាំងទ្វេតែងយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់គ្រូ និងកីឡាករ-កីឡាការិនី ហើយសម្ដេចក៏មិនដែលខកខាន និងរៀបចំនូវប្រាក់រង្វាន់ទឹកចិត្តបន្ថែមដល់កីឡាករ-កីឡាការិនីជ័យលាភីនេះដែរ ។

សម្រាប់ការបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជ័យលាភីពីការប្រកួតទាំងពីរ សម្រាប់កីឡាករ-កីឡាការិនីស៊ីហ្គេម លើកទី៣២ គឺទទួលបានទឹកប្រាក់សរុបចំនួន២៣,៣៤៣,៦០០,០០០រៀល ដែលមានកីឡាករ-កីឡាការិនីជ័យលាភីសរុប ៦១០នាក់ និងដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) និងជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទទួលបានទឹកប្រាក់សរុប ៤,៧៩១,៣០០,០០០រៀល ដែលមានកីឡាករ-កីឡាការិនី ១៤៨នាក់ និងដណ្ដើមបានមេដាយសរុប ៧៣គ្រឿង (មាស៩ ប្រាក់១៩ និងសំរឹទ្ធ ៤៥)។

ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ដោយសារមានការគិតគូ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនេះហើយ ទើបធ្វើឲ្យកម្រិតបច្ចេកទេស និងគុណផលកីឡាករ-កីឡាការិនីកម្ពុជាកើនឡើង រហូតទទួលបានជោគជ័យមេដាយលើសពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមមុនៗ និងធ្វើឲ្យសាធារណៈមតិជាតិ និងអន្ដរជាតិ មានការភ្ញាក់ផ្អើល និងស្ងើចសរសើរ ចំពោះសមិទ្ធផល នៃការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ និងធ្វើឲ្យពិភពលោកមើលឃើញថា «ខ្មែរអាចធ្វើបាន» ហើយបានរៀនសូត្រ និងអាចរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗទៀត ៕