(ឡុងដ៍)៖ ក្រុមអង់គ្លេស ដែលស្ថិតក្រោមការដឹកនាំដោយលោក Gareth Southgate បានសម្រេចធ្វើការកោះហៅជាលើកដំបូងចំពោះកីឡាករវ័យក្មេង Cole Palmer របស់ក្លិប Chelsea, កីឡាករ Rico Lewis របស់ក្លិប Manchester City និងកីឡាករ Ezri Konsa របស់ក្លិប Aston Villa សម្រាប់ការប្រកួតជម្រុះ European Championship ក្នុងខែនេះ, នេះបើតាមការប្រកាសពីសមាគមបាល់ទាត់អង់គ្លេស នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កីឡាករ Palmer កំពុងបង្ហាញទម្រង់លេងល្អដោយរកបាន ៤គ្រាប់ក្នុងលីគ គិតចាប់តាំងពីបានចូលរួមជាមួយក្លិប Chelsea នៅថ្ងៃផុតកំណត់នៃការដោះដូរកីឡាករ, ខណៈកីឡាករ Konsa មានវ័យ ២៦ឆ្នាំ ក៏ក្លាយជាជាកីឡាករសំខាន់ម្នាក់ដែលកំពុងលេងឡើងជើងខ្លាំង និងបានកំពុងរួមចំណែកជួយក្លិប Aston Villa ឈានទៅឈរនៅចំណាត់ថ្នាក់ទី៥ នៃតារាងលីគកំពូលអង់គ្លេសផងដែរនារដូវកាលនេះជាបណ្តោះអាសន្ន។

ដោយឡែក កីឡាករ Lewis ដែលទើបមានវ័យតែ ១៨ឆ្នាំ បានកំពុងបង្ហាញខ្លួន ១០លើក ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Man City ដែលជាម្ចាស់ជើងឯកពានរង្វាន់ Premier League រដូវកាលមុន។

នេះជាការកោះហៅកីឡាករយុវជនចូលក្រុមឈុតធំអង់គ្លេស ទៅជំនួសតួនាទី កីឡាករ James Maddison, Lewis Dunk និងកីឡាករ Callum Wilson ដែលនៅពេលនេះត្រូវបានប្រកាសកាលថា ត្រូវបានដកឈ្មោះចេញពីក្រុមវិញហើយ ក្រោយជួបបញ្ហារបួស។

សូមជម្រាបថា ជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតបង្គ្រប់កិច្ចស្ថិតក្នុងពូល C ទល់នឹងម៉ាល់តា ធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃសុក្រ មុនពេលធ្វើដំណើរទៅជួបម៉ាសេដូនខាងជើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដ្បិតក្រុមរបស់អ្នកចាត់ការ Gareth Southgate បានមានលក្ខណៈគ្រប់គ្រាន់ហើយ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់៕