(ប្រេស៊ីល)៖ កីឡាករ Neymar ត្រូវបានគ្រូពេទ្យបង្ហាញថា ក្រោយពីទទួលបានការវះកាត់របួសសរសៃជង្គង់ ACL នៅពេលនេះរូបគេកំពុងស្ថិតក្នុងសភាពល្អប្រសើរណាស់ តែមិនទាន់ច្បាស់ថាអាចវិលត្រលប់ចូលទីលានបានវិញនោះទេ បើតាមលោកវេជ្ជបណ្ឌិត Rodrigo Lasmar, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

របួសរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល វ័យ ៣១ឆ្នាំ Neymar បានកើតឡើងនៅអំឡុងពេលលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងវគ្គជម្រុះពានរង្វាន់ពបាល់ទាត់ពិភពលោក FIFA World Cup 2026 ប្រចាំតំបន់អាមេរិកខាងត្បូងកាលពីខែមុន ដែលពួកគេបានលេងចាញ់ក្រុមអ៊ុយរុយហ្គាយ ២-០។

ខណៈការស្តាឡើងវិញរបស់ Neymar ក្រោយរងរបួសដាច់សរសៃពួរចងជង្គង់ខាងឆ្វេង (ACL) អាចមានរយៈពេល ៨ខែទៅដល់ ១០ខែទៅតាមស្ថានភាពរបួសក្រោយពេលវះកាត់ ដែលបញ្ហារបួសនេះបានធ្វើឲ្យរូបគេខកខាននៅឱកាសបង្ហាញខ្លួនក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការតាមកំណត់ត្រារបស់លោក Cafu បានបង្ហាញខ្លួលច្រើនជាងគេ ១៤២ប្រកួត ដ្បិត Neymar កំពុងលេងបាន ១២៨លើកជាបណ្តោះអាសន្ន។

បញ្ជាក់ផងថា សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល នៅប្រកួតបន្ទាប់ត្រូវប៉ះក្រុមកូឡុំប៊ី និងក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ក្នុងខែវិច្ឆិកានេះ ហើយឈានចូលឆ្នាំ២០២៤ និងលេងមិត្តភាពអន្តរជាតិ ២ប្រកួតជាមួយក្រុមអង់គ្លេស និងអេស្ប៉ាញ មុនឈានទៅបន្តលេងជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកខាងត្បូងជាបន្តទៀត។

ការលេងជាមួយក្លិបអាជីព Al-Hilal នៃលីគអារ៉ាប៊ីសាអូឌីត ខ្សែប្រយុទ្ធ Neymar ក៏ទើបលេងបាន ៥ប្រកួតប៉ុណ្ណោះ ដោយសារជួបបញ្ហារបួសសាច់ដុំ ដែលរូបគេបានផ្ទេពីក្លិបបារាំង PSG ក្នុងតម្លៃប្រមាណ ៧៧.៦លានផោននិងមានបូកនៅកម្មវិធីបន្ថែមផងនោះ៕