(បរទេស)៖ ស្មាតហ្វូនត្រកូល Xiaomi 14 របស់ក្រុមហ៊ុន Xiaomi លក់បានរហូតដល់ ១.៤៥លានគ្រឿងនៅលើទីផ្សារជុំវិញពិភពលោកត្រឹមរយ:ពេល ១០ថ្ងៃដំបូងនៃការប្រកាសដាក់លក់ជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សារព័ត៌មាន Wall Street Insight បានរាយការណ៍មកថា ចាប់ពីថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃប្រកាសលក់ដំបូងរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ស្មាតហ្វូនត្រកូល Xiaomi 14 លក់បានសរុបចំនួន ១.៤៥លានគ្រឿង ដែលវាជាកំណត់ត្រាថ្មីមួយរបស់ Xiaomi ក្នុងការលក់ស្មាតហ្វូនលំដាប់ខ្ពស់បានក្នុងចំនួនដ៏ច្រើន និងប្រើពេលខ្លី។

នៅក្នុងរបាយការណ៍ក៏បានឲ្យដឹងផងដែរថា តួលេខនៃការលក់ដ៏ខ្ពស់នេះបានធ្វើឲ្យ Xiaomi ក្លាយជាអ្នកនាំមុខគេនៅក្នុងប្រទេសចិនសម្រាប់សប្ដាហ៍ទី៤៤ ខណៈ Huawei និង Honor ស្ថិតនៅលំដាប់ទីពីរ និងទីបី។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺ Xiaomi បានប្រកាសនៅលើបណ្ដាញសង្គមចិន Weibo ថា នៅក្នុងព្រឹត្តិការណ៍ 11.11 ដែលជាព្រឹត្តិការណ៍ទិញទំនិញដ៏ធំរបស់ចិន ខ្លួនរកចំណូលសរុបបប្រមាណ ៣ពាន់លានដុល្លារអាមេរិក៕