(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយដែររបស់កម្ពុជា ដែលសិស្សឆ្នើមរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន១៥រូប ដណ្ដើមបាបានមេដាយសរុប៧២គ្រឿងពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់បញ្ញាវន្តពិភពលោក ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក។

កម្មវិធីប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោកវគ្គផ្ដាច់ព្រ័ត្រនេះ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក ដោយបានបិទបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាលទ្ធផល យុវបញ្ញាវន្តកម្ពុជាដែលពោរពេញដោយសមត្ថភាពចំនួន១៥រូបនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដណ្ដើមបានមេដាយសរុបចំនួន៧២គ្រឿង ក្នុងនោះមានមេដាយមាស៣២គ្រឿង និងមេដាយប្រាក់ ៤០គ្រឿង។

គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោកនេះ គឺជាកម្មវិធីប្រកួតលំដាប់ពិភពលោកមួយ ដោយមានការចូលរួមពីសិស្សានុសិស្សវ័យក្មេងជាច្រើនពាន់នាក់ចូលរួមបង្ហាញសមត្ថភាព ចែករំលែកចំណេះដឹង និងវប្បធម៌របស់ពួកគេរៀងៗខ្លួន។ នៅក្នុងឆ្នាំ២០២៣ កម្មវិធីប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោកមានការចូលរួមពីយុវបញ្ញាវន្តចំនួន២,៧០០នាក់ មកពី៤៥ប្រទេសជុំវិញពិភពលោក។

គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបង្ហាញមោទនភាពចំពោះសិស្សានុសិស្សរបស់ខ្លួនដែលមានសមត្ថភាពឆ្នើមចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោកនេះ ព្រមទាំងបាននាំយកមកនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជូនសាលា ជូនគ្រួសារ និងសង្គមជាតិកម្ពុជា។ គណៈគ្រប់គ្រងសាលាបានប្ដេជ្ញាបន្តចូលរួមជាមួយសិស្សានុសិស្សទាំងអស់ ដើម្បីភាពជោគជ័យក្នុងការសិក្សាថ្មីៗទៀតនាថ្ងៃអនាគត៕