(រ៉ូម)៖ អតីតកីឡាករនិម្មិតរូបរបស់ Chelsea និង Arsenal គឺលោក Cesc Fabregas បានវិត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកក្លិប Como ដែលលេងក្នុងលីគលំដាប់ទី២ ប្រទេសអ៊ីតាលីបច្ចុប្បន្ននេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា The Sun បានឲ្យដឹងថា បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៣៦ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីកីឡាករអាជីពលេងក្នុងតំណែងខ្សែបម្រើកណ្តាលកាលពីខែកក្កដា ឆ្នាំ២០២៣ ពីក្លិបចុងក្រោយ Como មុនពេលចាប់យកតួនាទីគ្រូបង្វឹកជាលើកដំបូងនេះ។

Como ពុំទាន់មានគ្រូបង្វឹកពេញសិទ្ធិនោះទេ ក្រោយបណ្តេញលោក Moreno Longo ចេញពីតំណែង ក្នុងគ្រាដែលពួកគេស្ថិតនៅលេខរៀងទី៦ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន មុនឈានដល់ការតែងតាំងអតីតកីឡាកររបស់ខ្លួននាពេលនេះ។

មុនឈានដល់ការប្រកាសព្យួរស្បែកជើងបាល់ទាត់នេះដែរ Fabregas ក៏ធ្លាប់បង្ហាញខ្លួន ១៧លើកជាមួយ Como នៅពេលបញ្ចប់រដូវកាលមុនដែរ។

Cesc Fabregas បានក្លាយជាកីឡាករជនជាតិអេស្ប៉ាញដំបូងគេ ដែលបានវត្តន៍ខ្លួនជាកីឡាករអាជីព ទៅជាគ្រូបង្វឹកនៅអ៊ីតាលីនេះ៕