(ភ្នំពេញ)៖ អង្គការសាលារៀនទន្សាយ, អង្គការ អេដ អេ អាកស្សុង, Foyer Lataste, Voice, Liliand Fond និងដៃគូនៅក្នុងសម្ព័ន្ធកុមារក្រៅសាលា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាប់ផ្ដើមការយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងការចុះឈ្មោះចូលរៀន ក្នុងរយៈចម្ងាយ៤២៥គីឡូម៉ែត្រ នៅទូទាំងប្រទេសកម្ពុជា។

កម្មវិធីជិះកង់ ដើម្បីការអប់រំក្នុងរយៈចម្ងាយ៤២៥គីឡូម៉ែត្រ គឺជាយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈចម្ងាយ ដើម្បីបង្កើនការយល់ដឹង អំពីកិច្ចខិតខំប្រឹងប្រែងការពារកុមារ និង
ការអប់រំរបស់អង្គការដៃគូពាក់ព័ន្ធ។

កម្មវិធីជិះកង់ ដើម្បីការអប់រំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងគោលបំណងអំពាវនាវ ដល់សិស្សានុសិស្សនៅទូទាំងតំបន់គោលដៅ ដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្តើមនាខែធ្នូ។

ដំណើរការនៃការជិះកង់នេះ នឹងចាប់ផ្ដើមនៅទីក្រុងភ្នំពេញ និងបញ្ចប់នៅខេត្តបន្ទាយមានជ័យ ដែលនឹងមានការចូលរួមប្រារព្ធ ជាមួយនឹងកុមារ និងមានការទទួលស្វាគមន៍ដោយ Foyer Lataste។

កម្មវិធីជិះកង់ដើម្បីការអប់រំ រយៈចម្ងាយ៤២៥ គីឡូម៉ែត្រនេះ នឹងឆ្លងកាត់ខេត្តចំនួន៥ នៃប្រទេសកម្ពុជា ដោយឆ្លងកាត់បឹងទន្លេសាបនៃប្រទេសកម្ពុជា ជាមួយនឹងសិស្សសាលាជាង៥០០នាក់
នឹងចូលរួមយុទ្ធនាការនេះ ដោយជិះកង់ទៅកាន់សាលារៀន ដែលបានកំណត់។

ក្រុមការងាររបស់កម្មវិធីជិះកង់ ដើម្បីការអប់រំ នឹងចាប់ផ្តើមជាមួយនឹងការចាកចេញពីសាលាទន្សាយ ដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោក ទៅកាន់ចំណតទីមួយ ដែលស្ថិត នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយសិស្សានុសិស្សជាង៣០នាក់ ក្នុងគោលបំណងរៀបចំកិច្ចពិភាក្សារួមក្រោមប្រធានបទគណនេយ្យភាពសង្គម៖ ទាក់ទងនឹងសុខភាព និងការអប់រំ។

ក្នុងឱកាសនៃការជួបជុំ នៅក្នុងចំណតទីមួយនេះដែរ អង្គការអេដអេអាកស្យុង ឆ្លៀតឱកាសចូលរួមចំណែកលើកទឹកចិត្តដល់ទម្លាប់ នៃការអានដោយមានការចែកនូវសៀវភៅសរសេរ និងសៀវភៅអំណានទៅកាន់ សិស្សានុសិស្ស។

បន្ទាប់មកបន្តដំណើរទៅកាន់ទីក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ក៏ដូចជាសាលាដទៃទៀត នៅស្រុកស្ទោង និងខេត្តសៀមរាប ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយ ទាក់ទងនឹងសារៈសំខាន់នៃវិស័យអប់រំ លើការអប់រំបរិយាបន្ន យុវជនស្ម័គ្រចិត្តក្នុងវិស័យអប់រំ និង ចំណែកមួយក្នុងការផ្សព្វផ្សាយឲ្យមាន ការចុះឈ្មោះចូលរៀន ក្នុងបវេសនកាលថ្មី ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។

អង្គការ អេដ អេ អាកស្សុង នឹងបន្តចូលរួមជាមួយ កម្មវិធីជិះកង់ដើម្បីការអប់រំ ពីកំពង់ឆ្នាំង ទៅកំពង់ធំ និងពីកំពង់ធំ ទៅសៀមរាប រួមជាមួយនឹងបេសកកម្ម ក្នុងការបរិច្ចាគសៀវភៅជាង១ពាន់
ក្បាល ដល់សាលាគោលដៅទាំងអស់ក្នុងខេត្តចំនួន៣ និងផ្ទះសំណាញ់មួយខ្នងដល់សាលាបឋមសិក្សាសំព័រ ដែលស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

គួរបញ្ជាក់ផងដែរថា ក្រោមថវិការួមគ្នារបស់កម្មវិធីអប់រំកុមារ (EAC) នៃមូលនិធិអប់រំទាំងអស់គ្នា (Education Above All Foundation) ប្រទេសកាតា និងសហភាពអឺរ៉ុប (European Union) អង្គការអេដ អេ អាកស្យុង បាននិងកំពុងអនុវត្តសកម្មភាពរបស់គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា - CCOSC នៅក្នុងក្របខ័ណ្ឌទូទាំង២៥ ខេត្ត និងរាជធានី៕