(ភ្នំពេញ)៖ ជាមួយនឹងការប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023) ​ដែលបានរៀបចំជាលេីកទី៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដែលមានបេក្ខនារី ដែលមកពីជាង៤០ប្រទេស ជុំវិញពិភពលោក​ ដើម្បីចូលរួមការប្រកួតនេះដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន Miss Planet International ទាំងអស់ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះទស្សនកិច្ចក្រុមហ៊ុន យ៉ាឌា ខេមបូឌា ដែលជាទីតាំងលក់នូវផលិតផលកង់ និងម៉ូតូអគ្គិសនី ម៉ាក យ៉ាឌា នៅផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។

លោកស្រី Halley Amin ស្ថាបនិកកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ បានឱ្យដឹងថា Miss Planet International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក​ ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។ តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ។

លោក យីវ ផាន់ណា នាយកប្រតិបត្តិនៃក្រុមហ៊ុន YADEA Cambodia បានឱ្យដឹងដែរថា បានជា YADEA Cambodia សម្រេចជួយឧបត្ថម្ភដល់បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ ដែលកម្ពុជា ធវើជាម្ចាស់ផ្ទះ គឺដោយមើលឃើញថា កម្មវិធីប្រកួតប្រជែងនេះនិង YADEA បានឈរលើទស្សនវិស័យដូចគ្នា ដើម្បីជួយឱ្យផែនដីកាត់បន្ថយជាតិពុល ធ្វើឱ្យធម្មជាតិស្រស់បំព្រម ជួយលើកស្ទួយដល់វិស័យទេសចរណ៍ឱ្យកាន់ប្រសើរឡើង និងជួយដល់សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនឡើង។

លោក យីវ ផាន់ណា បានបញ្ជាក់ទៀតថា តាមរយៈកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ និងជួយពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីវិធីដែលអាចជួយការពារដល់បរិស្ថានបាន ។ YADEA ប្តេជ្ញាចិត្តក្នុងការចូលរួមជួយគាំទ្រពេញទំហឹងក្នុងជួយដល់កម្មវិធីនេះជាបន្តបន្ទាប់ទៅទៀត ដើម្បីជួយជម្រុញឱ្យកម្មវិធីវរកញ្ញាឯកភពផែនដីអន្តរជាតិ កាន់តែរីកច្រើនឡើងថែមទៀត។

សូមបញ្ជាក់ដែរថា កម្មវិធី Miss Planet International 2023 បានរៀបចំជាលេីកទី៣ នៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងមានបេក្ខភាពបេក្ខនារីរបស់ប្រទេសទាំងអស់មកដល់ប្រទេសកម្ពុជា ហើយកម្មវិធីនេះបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា។ នៅថ្ងៃទី១៤ បេក្ខនារីនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីថតផ្សព្វផ្សាយពីតំបន់អរិយធម៍ និងវប្បធម៍ ជាមួយនឹងការរៀបកម្មវិធីទាក់ទងនឹងបរិស្ថានជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕