(មេនឆេស្ទើ)៖ ខ្សែការពារ Harry Maguire ហាក់ទទួលបានអារម្មណ៍កក់ក្តៅមកវិញខ្លះៗ ដែលជំរុញឲ្យរូបគេមានការ ស្ទាក់ស្ទើរផងដែរ ក្នុងការបន្តលេង ឬក៏ចាកចេញពីទឹកដី Old Trafford សម្រាប់ខែមករា ឆ្នាំ២០២៤ ខាងមុខ។

គិតមកទល់នឹងពេលនេះ កីឡាករអន្តរជាតិអង់គ្លេសខាងលើបានចូលលេងសរុបចំនួន ១៨៦លើកជាមួយ Man Utd គិតចាប់តាំងពីការចាកចេញពីក្លិប Leicester City នាអំឡុងឆ្នាំ២០១៩ មក។

Maguire បានចូលក្នុងជម្រើស ១១នាក់ដំបូងជាលើកទី៥ នៅ Premier League រដូវកាលនេះ នៃជំនួបដែលបិសាចក្រហមបានយកឈ្នះ Luton Town ១-០ នៅកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើឲ្យរូបគេហាក់ចង់បង្ហាញសមត្ថភាពឲ្យស័ក្តិសមជាខ្សែការពារខ្លាំងជាងគេក្នុងលោក ក្រោមការបង្វឹករបស់លោក Erik ten Hag ទៀតផង។

ខ្សែការពារកណ្តាលរូបនេះបានថ្លែងក្រោយទទួលបាន ៣ពិន្ទុសម្រាប់ Man Utd នៅថ្ងៃសៅរ៍ថា «ឆ្នាំទៅ ខ្ញុំបានលេង ២-៣ប្រកួតក្នុងជម្រើសដំបូង ដែលវាមិនសមតាមបំណងរបស់ខ្ញុំទេ។ មែនទែនទៅ ខ្ញុំពិតជារីករាយខ្លាំងណាស់ក្នុងការលេងឲ្យក្លិបនេះ និងចង់នៅលេងបន្តដែរ ដ្បិតត្រូវប្រជែងកៅអី ដើម្បីជាប់ជម្រើស ១១នាក់ដំបូងយ៉ាងណាក៏ដោយ»។

នៅចាំបានថា កីឡាករវ័យ ៣០ឆ្នាំ Maguire បានចូលលេងត្រឹម ៨ប្រកួតប៉ុណ្ណោះក្នុងលីគ ដោយសារអ្នកចាត់ការទូទៅ លោក Ten Hag មិនជឿជាក់លើទម្រង់លេងរបស់គាត់ ដែលមានការផ្លាស់ប្តូរឲ្យគាត់ទៅលេងក្នុងតំណែងការពារស្លាបឆ្វេងទៀត ក្នុងនាមកីឡាករមានតម្លៃខ្លួន ៨០លានផោនពី Leicester កាលឆ្នាំ២០១៩។ គាត់ត្រូវបានដាក់ចូលលេងជំនួសកន្លែងរបស់ Varane ដែលតែងតែជាប់ជម្រើសដំបូងដរាបមក៕