(បរទេស)៖ តារាចម្រៀងវ័យ២៨ឆ្នាំ កូនកាត់អង់គ្លេស-អាល់បានី Dua Lipa នាពេលថ្មីៗនេះបានបញ្ចេញស្នាដៃចម្រៀងថ្មីដេលមានចំណងជើងថា «Houdini» និងមានការប្រារព្ធពិធីសម្ពោធជាមួយនឹងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រជាលក្ខណៈឯកជននៅទីក្រុងឡុងដ៍ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ស្នាដៃចម្រៀងថ្មីនេះ ត្រូវបានគេដឹងថា ជាបទចម្រៀងដំបូងពីអាល់ប៊ុមទី៣ របស់ Dua Lipa ដែលនឹងចេញនៅឆ្នាំ២០២៤ និងជាបទថ្មីដំបូងរបស់នាងបន្ទាប់ពីបទ «Dance the Night» ក្នុងរឿង «Barbie» បានចេញកាលពីខែឧសភា។ ទន្ទឹមគ្នានេះគ្នា តាមរយៈបណ្តាញសង្គម តារាវ័យ២៨ឆ្នាំរូបនេះ ក៏បានបង្ហោះវីដេអូខ្លីៗអំពីបទចម្រៀងនេះនៅលើបណ្ដាញសង្គមរបស់នាង ដោយបានប្រាប់អ្នកគាំទ្រនៅអង់គ្លេស និងអឺរ៉ុបឱ្យរង់ចាំមើលការសម្ពោធដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងឡុងដ៍ ហើយបន្ទាប់មកនឹងមានកម្មវិធីនៅទីក្រុងឡូសអេនជេលឡេស សហរដ្ឋអាមេរិក និងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការអញ្ជើញអ្នកគាំទ្រពីចក្រភពអង់គ្លេស និងជុំវិញទ្វីបអឺរ៉ុបផងដែរ។

គួរជម្រាបថា អាល់ប៊ុមចុងក្រោយរបស់ Lipa គឺអាល់ប៊ុម «Future Nostalgia» ដែលចេញកាលពីឆ្នាំ២០២០ និងបានជាប់ចំណាត់ថ្នាក់កំពូលលើតារាងតន្ត្រីអន្តរជាតិជាច្រើន ថែមទាំងធ្វើឱ្យនាងទទួលបានពានរង្វាន់ «អាល់ប៊ុមចម្រៀងប៉ុបល្អបំផុត» ពីកម្មវិធី Grammy និងពានរង្វាន់ «អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ» ពីកម្មវិធី Brit Award ផងដែរ៕