(ណាប៉ូលី)៖ របាយការណ៍មួយបានបង្ហាញថា ក្លិប Napoli បានមានការពិភាក្សាផ្ទៃក្នុងមួយ ដែលទាក់ទងជាមួយតំណែងអ្នកចាត់ការក្រុម លោក Rudi Garcia ដែលអាចត្រូវបណ្តេញចេញ បន្ទាប់ពីលោកបានដឹកនាំក្រុមលេងចាញ់ក្នុងទឹកដីកីឡដ្ឋាន Stadio Diego Armando Maradona ក្រោមថ្វីជើងក្រុមភ្ញៀវ Empoli លទ្ធផល ១-០ នៃការប្រជែងលីគអ៉ីតាលី Serie A រដូវកាលនេះ, នេះបើតាមប្រភពពី Daily Mail បានឲ្យដឹងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការស៊ុត ១គ្រាប់យកបានជ័យជម្នះនៅនាទីចុងម៉ោងនាទី៩០+១ ពីសំណាក់កីឡាករជម្រើសទី២ Viktor Kovalenko ធ្វើឲ្យក្រុម Empoli យកបាន ៣ពិន្ទុបន្ថែមយ៉ាងសំខាន់ក្នុងសប្តាហ៍ទី១២ រកបាន ១០ពិន្ទុ នាំឲ្យក្រុមឡើងឈរលេខរៀងទី១៧ លើតំបន់បន្ទាត់ក្រហមនៃ ៣ក្រុមបាតរាង។

លទ្ធផលនេះបាននាំឲ្យមានការដាក់សម្ពាធទៅកាន់លោក Rudi Garcia ក្នុងប្រជែងលីគដោយក្រុមនៅមានត្រឹម ២១ពិន្ទុក្រោយឆ្លងកាត់ ១២ប្រកួត នាមជាក្រុមការពារតំណែងជើងឯកផងនោះ និងជាការចាញ់លើកទី៣ នារដូវកាលនេះ ដោយគិតមកដល់ពេលនេះមានរយៈពេល ៥ខែមកហើយ តែដឹកនាំក្រុមនេះទើបឈ្នះ ៨លើកប៉ុណ្ណោះ ចំណោម ១៦ប្រកួត នៃការងារដឹកនាំក្រុម Napoli បន្ទាប់ពីលោក Luciano Spalletti ដែលលាលែងពីតំណែងនោះ៕