(បរទេស)៖ ទីបំផុតក្រុមហ៊ុនឥណ្ឌា Tata Group បានបញ្ចប់ការទិញយកភាគហ៊ុនផលិត iPhone ពីក្រុមហ៊ុន Wistron នៅឥណ្ឌាជាផ្លូវការហើយ ខណៈកិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុនទាំងពីរនេះ គឺរួមបញ្ចូលភាគហ៊ុន ១០០ភាគរយដែលមានតម្លៃប្រមាណ ១២៥លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា កិច្ចព្រមព្រៀងទិញលក់រវាង Tata និង Wistron ក្រៅពីភាគហ៊ុន ១០០ភាគរយហើយ នឹងរួមបញ្ចូលទាំងរោងចក្រដែល Wistron កំពុងផលិត iPhone 12 និង iPhone 14 បច្ចុប្បន្នផងដែល ដោយមានទំហំប្រមាណ ៤៤អា (44-acre) (ជិត ១៨០,០០០ម៉ែត្រការ៉េ) នឹងមានទីតាំងនៅទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា។

ដូចដែលបានដឹងរួចមកហើយថា Apple បានផលិត និងដំឡើង iPhone នៅក្នុងប្រទេសឥណ្ឌាជាងកន្លះទស្សវត្សមកហើយ ដោយ iPhone ដំបូងបង្អស់ដែលបានដាក់សម្គាល់ «Made in India» គឺជា iPhone SE ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា Foxconn ក្នុងឆ្នាំ២០១៧។ តែយ៉ាងក្រោយបិទបញ្ចប់កិច្ចព្រមព្រៀងទិញលក់នេះ Tata ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតស្មាតហ្វូនរបស់ Apple ចាប់ពី iPhone 15 ឆ្នាំ២០២៤ ខាងមុខនេះតទៅ ខណៈ iPhone ដែលផលិតចេញនោះនឹងមានសម្គាល់«Made in India» មកជាមួយផងដែរ។

គួរជម្រាបដែរថា Tata Group គឺជាក្រុមហ៊ុនធំជាងគេនៅក្នុងប្រទេសឥណ្ឌាដែលមានអាយុកាលខ្ទង់ ១៥៥ឆ្នាំមកហើយ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២៩ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន រួមទាំងក្រុមហ៊ុន Tata Motors ដែលបានផលិតរថយន្តអគ្គិសនីឈានមុខគេចាប់តាំងពីឆ្នាំ២០២០ មកផងដែរ៕