(បរទេស)៖ ក្រុមតារាភាពយន្ត និងស្ទូឌីយោហូលីវូដ បានឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់កូដកម្មហើយ ក្រោយអូសបន្លាយពេលជាច្រើនខែ ដែលបណ្តាលឲ្យឧស្សាហកម្មកម្សាន្តហូលីវូដបានចុះខ្សោយ ពន្យារពេលកម្មវិធី និងភាពយន្តល្បីៗរាប់រយរឿង ដែលចំណាយប្រាក់រាប់ពាន់លានដុល្លារត្រូវបានផ្អាក និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ តែយ៉ាងណា ពេលនេះហាក់មានផ្លូវចេញវិញហើយ ក្រោយពីភាគីពាក់ព័ន្ធឈានដល់កិច្ចព្រមព្រៀងផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជុំវិញកិច្ចព្រមព្រៀងថ្មីនេះ ក៏មានការសារទរពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយលោកបានបង្ហោះសារ នៅលើបណ្តាញសង្គម X ថា «ខ្ញុំសូមអបអរសាទរ SAG-AFTRA និងសម្ព័ន្ធអ្នកផលិតភាពយន្ត និងទូរទស្សន៍ ដែលបានធ្វើការរួមគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឲ្យឧស្សាហកម្មរបស់យើងកាន់តែរឹងមាំ និងផ្តល់ជូនកម្មករនូវចំណែកសមធម៌ នៃតម្លៃដែលពួកគេបានជួយបង្កើត»

សហជីពតារាសម្តែង (SAG-AFTRA) បានលុបចោលកូដកម្មរយៈពេល ១១៨ថ្ងៃរបស់ខ្លួន បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Disney និង Netflix ព្រមទាំងក្រុមហ៊ុនល្បីៗធំជាច្រើនទៀត សម្រាប់កិច្ចសន្យាថ្មី រួមទាំងប្រាក់ខែខ្ពស់ និងការការពារប្រឆាំងនឹងការប្រើប្រាស់រូបភាពរបស់ពួកគេ ដោយគ្មានការអនុញ្ញាតតាមរយៈបច្ចេកវិទ្យាបញ្ញានិម្មិត AI។

ការសម្រេចនេះ គឺបើកផ្លូវសម្រាប់តារាសម្ដែងឲ្យត្រឡប់មកថតកុនវិញ ក្រោយផ្អាកជាច្រើនខែ។ ក្នុងសារផ្ញើទៅសមាជិកតំណាងសហជីពបាននិយាយថា កិច្ចសន្យានេះមានតម្លៃជាង ១ពាន់លានដុល្លារ ហើយនឹងអាចឲ្យសមាជិកធ្វើការងាររបស់ខ្លួន ប្រកបដោយនិរន្តរភាព៕