(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា និងអង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវជាមួយសមាជិកម្នាក់រៀងៗខ្លួន បន្ទាប់ពីលីគកំពូលកម្ពុជា បន្ដការប្រកួតជើងទី២ បាន ១សប្ដាហ៍ ស្របពេលក្រុមណាហ្គាវើលដ៏ កំពុងជួបវិបត្តិកីឡាករបរទេស ដែលរងរបួសជាបន្ដបន្ទាប់។

សម្រាប់ក្រុមកំពុងឈរលេខរៀងទី៣ នៃលីគកំពូលកម្ពុជា វិសាខា បានប្រកាសចែកផ្លូវជាមួយលោក Anthony John McMullen គ្រូបង្វឹកអ្នកចាំទី បន្ទាប់ពីបុរសជនជាតិអង់គ្លេសរូបនេះ បានរួមចំណែកជាមួយក្រុមអស់រយៈពេលជាង ១១ខែកន្លងមក។

ចំណែកក្រុមអង្គរថាយហ្គឺរ បានចែកផ្លូវជាមួយកីឡាករអេស្ប៉ាញ Victor Blasco បន្ទាប់ពីរូបគេបានរួមចំណែកជួយក្រុមក្នុងជើងទី១ នៃលីគកំពូលកម្ពុជា ដោយអតីតសមាជិកក្លិបព្រះខ័នរាជស្វាយរៀងរូបនេះបានបង្ហាញខ្លួន ៩ប្រកួតពេញ និងរកបាន ៤គ្រាប់ផងដែរ។

ក្រឡេកមកចាប់អារម្មណ៍ក្រុមណា ស្របពេលក្រុមកំពុងធ្វើមិនសូវបានល្អក្នុងលីគ ពួកគេថែមទាំងមានបញ្ហាកីឡាករសំខាន់ៗថែមទៀត ពិសេសកីឡាករបរទេស ជាក់ស្ដែងខ្សែប្រយុទ្ធ Marcio Marques និងកីឡាករឥណ្ឌូនេស៊ី Rafli Mursalim សុទ្ធតែរងរបួសដាច់សរសៃជង្គង់ (ACL) កំឡុងការប្រកួតជើងទី១ ហើយត្រូវសម្រាករយៈពេលយូរដើម្បីព្យាបាល។

គួរដឹងថា សម្រាប់ទីផ្សារដោះដូរកីឡាករពាក់កណ្ដាលរដូវកាល នៃលីគកំពូលកម្ពុជា គ្រោងនឹងបើកនាថ្ងៃទី១៤ ខែវិច្ឆិកា និងបិទ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ ដូច្នេះនេះគឺជាពេលវេលាសម្រាប់ក្លិបនីមួយៗ ធ្វើការដោះដូរកីឡាករខ្លួន ហើយគេក៏កំពុងចាំមើល តើអង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ នឹងមានការផ្លាស់ប្ដូរសមាជិកថ្មីមកពង្រឹងក្រុមដែរ ឬយ៉ាងណា?