(បរទេស)៖ ឪពុករបស់កីឡាករបាល់ទាត់ Luis Diaz ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយខ្មាន់កាំភ្លើងឆ្វេងនិយមនៅប្រទេសកូឡុំប៊ី បានចាប់ឃុំឃាំងអស់រយៈពេល ១៣ថ្ងៃមកនេះ។

លោក Luis Manuel Diaz បានថ្លែងប្រាប់ BBC ក្រោយពីការដោះលែងនេះថា រូបលោកគឺមានស្ថានភាព និងសុខភាពល្អធម្មតាទេ។

រូបលោកត្រូវបានចាប់ដោយក្រុមខ្មាន់កាំភ្លើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ រួមទាំងភរិយារបស់លោកផងដែរ នៅឯស្រុកកំណត់ស្ថិតនៅតំបន់ Barrancas ប្រទេសកូឡុំប៊ី តែប៉ុន្មានម៉ោងក្រោយមក ភរិយារបស់លោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយទុកតែលោក Luis Manuel Diaz ម្នាក់ប៉ុណ្ណោះ។

សូមជម្រាបផងថា ក្រុមឆ្វេងនិយមដែលមានឈ្មោះហៅកាត់ថា ELN តែងតែធ្វើសកម្មភាពចាប់បង្ខាំងមនុស្ស នៅតាមព្រំដែនក្នុងន័យប្រឆាំងទៅនឹងរដ្ឋាភិបាលកូឡុំប៊ីមានតាំងពីឆ្នាំ១៩៦៤ មក ដែលមានសមាជិកតែប្រមាណ ២៥០០នាក់ប៉ុណ្ណោះ។ សកម្មភាពប្រឆាំងរបស់ពួកគេភាគច្រើន ច្រើនតែនៅខ្សែបន្ទាត់ព្រំដែនរវាងកូឡុំប៊ី និងវេណេស៊ុយអេឡា ជាទីដែលក្រុមគ្រួសាររបស់កីឡាករ Luis Diaz រស់នៅតែម្តង៕