(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រូវការឈ្នះ ២ប្រកួតចុងក្រោយដាច់ខាត ក្នុងវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023-2024 ពូល F បន្ទាប់ពីរងបរាជ័យលើកដំបូងក្នុងពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Macarthur FC របស់អូស្ដ្រាលីក្នុងលទ្ធផល ៥-០។ នេះបើតាមការលើកឡើងរបស់លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ក្រោយចប់ការប្រកួតពីម្សិលមិញ។

លោកថា «វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើដំណើរមកប្រកួតនៅប្រទេសអូស្រ្តាលី។ Macarthur ជាក្រុមដែលរឹងមាំដូចដែលយើងបានឃើញគេនៅក្នុងលីគរបស់គេ។ ពួកគេធ្វើបានល្អណាស់ ហើយនៅពេលនេះគេនៅកំពូលតារាង។ យើងមិនមានកីឡាករគ្រប់គ្រាន់ក្នុងការលេង បើប្រៀបធៀបជាមួយនិងការប្រកួតក្នុងដី។ នៅចំណុចខ្លះកីឡាករយើងធ្វើបានល្អ ក្នុងការគ្រប់គ្រងការប្រកួត។ យើងមិនមានសំណាងក្នុងការបញ្ចប់ទី»

លោក Oleg Starynskyi បន្ថែមថា «ក្នុងវគ្គទី២ បើសិនជាយើងអាចរកគ្រាប់បាល់បាន យើងប្រាកដជាមិនដឹងថា នឹងមានរឿងអ្វីកើតឡើងនោះទេ។ យើងបានរបូតគ្រាប់បាល់ ២ គ្រាប់បន្ថែមទៀតបន្ទាប់ពីការវាយបករបស់គេ។ Macarthur នៅពេលនេះលើគេនៅក្នុងពូល ដូច្នេះយើងត្រូវផ្តោតអារម្មណ៍លើការប្រកួត ២ទៀត នឹងត្រូវតែឈ្នះការប្រកួតនោះ»

គួរដឹងថា ក្រោយរងបរាជ័យលើកដំបូង ភ្នំពេញក្រោនបានធ្លាក់មកឈរលេខ២ ក្នុងពូល F ដោយមាន ៩ពិន្ទុ ស្មើក្រុម Macarthur FC។ ក្រុមទាំងពីរនៅសល់ ២ប្រកួតទៀត សម្រាប់ជើងទី២ នៃពានរង្វាន់ AFC Cup 2023-2024 ដែល ២ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន គឺត្រូវជួបក្រុមភ្ញៀវ Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា បន្ទាប់ពីយកឈ្នះ ៣-០ ក្រៅដីកាលពីជើងទី១ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤-ធ្នូ ក្រោយយកឈ្នះក្រុមលីគកំពូលមីយ៉ាន់ម៉ានេះ ៤-០ ក្នុងដីកាលពីជើងទី១។

២ប្រកួតចុងក្រោយនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្រុមសិង្ហក្រហមភ្នំពេញក្រោន ដែលត្រូវការពិន្ទុបន្ថែម ដើម្បីក្ដោបឱកាសឆ្លងផុតវគ្គចែកពូល នៃពានរង្វាន់កម្រិតទ្វីបនេះ ដ្បិតកន្លងមកពុំទាន់មានក្លិបបាល់ទាត់កម្ពុជាធ្វើបានោះទេ ពោលគឺច្រើនធ្លាក់ត្រឹមវគ្គជម្រុះ ឬវគ្គចែកពូលនេះប៉ុណ្ណោះ៕