(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា ក្រុមហ៊ុនអាមេរិក Apple បានផ្អាកការងារមួយរយៈនៅលើដំណើរការផលិត iOS 18, macOS 15, watchOS 11 និង tvOS 18 ដោយយកពេលនេះទៅពិនិត្យមើលកំហុសដែលកំពុងកើតមាននៅលើ Software បច្ចុប្បន្នវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Kou បានបញ្ជាក់ថា ការពន្យាពេលក្នុងការផលិតកំណែចុងក្រោយនេះ គឺចាំបាច់ណាស់សម្រាប់ Apple ដោយសារតែត្រូវដោះស្រាយកំហុសដែលកំពុងកើតមាននៅក្នុងកម្មវិធីជំនាន់បច្ចុប្បន្នរួមមាន iPhone, iPad, Wearables, TVs និង Macs ឱ្យបានទាន់ពេលវេលាសិន ព្រោះថាកម្មវិធីទាំងនេះត្រូវបានគេរកឃើញថា មានបញ្ហា software ច្រើនពេក។

គួរជម្រាបដែរថា ការផ្អាកដំណើរការផលិតនេះនឹងមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយត្រូវបានគេរំពឹងថា Apple នឹងត្រឡប់មកដំណើរការជាធម្មតាឡើងវិញនៅចុងសប្តាហ៍នេះ ឬយ៉ាងយូរឈានដល់សប្តាហ៍ក្រោយ៕