(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិបសារិកាព្រៃ Newcastle United កីឡាករ Callum Wilson ត្រូវបានកោះហៅសារជាថ្មី ចូលក្រុមជម្រើសជាតិអង់គ្លេស ដើម្បីលេងជម្រុះ Euro 2024 ចំនួន ២លើកចុងក្រោយរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

Wilson វ័យ ៣១ឆ្នាំ រកបាន ៧គ្រាប់ក្នុងលីគ Premier League នារដូវកាលនេះ ប៉ុន្តែបានរងរបួសសរសៃពួរ ក្នុងប្រកួតដែល Newcastle ចាញ់ម្ចាស់ផ្ទះ Borussia Dortmund កាលពីរាត្រីថ្ងៃអង្គារ។ ក្រៅពី Wilson ខ្សែបម្រើក្លិប Spurs គឺ James Madison និង Bukayo Saka របស់ Arsenal ក៏ត្រូវបានកោះហៅផងដែរ ទោះបីពួកគេកំពុងមានរបួសក៏ដោយ។

ក្រុមជម្រើសជាតិអង់គ្លេស នឹងប្រកួតទល់នឹងម៉ាល់តា នៅថ្ងៃទី១៧ ខែវិច្ឆិកា មុនប៉ះម៉ាសេដូន នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។

តោកំណាចអង់គ្លេស ដែលដឹកនាំដោយលោក Gareth Southgate បានកក់កៅអីទៅលេងពានរង្វាន់អឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់រួចរាល់ហើយ ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ដល់ខែកក្កដា បន្ទាប់ពីឈ្នះ ៣-១ លើគូប្រជែងអ៊ីតាលីកាលខែតុលា ឆ្នាំ២០២៣៕