(ប៉ារីស)៖ លោក Didier Deschamps អ្នកចាត់ការទូទៅក្រុមបាល់ទាត់មាន់គកបារាំង បានធ្វើការកោះហៅយុវជនរបស់ក្លិប PSG គឺកីឡាករខ្សែបម្រើ Waren Zaire-Emery វ័យទើបតែ ១៧ឆ្នាំលើកដំបូង ចូលជម្រើសជាតិឈុតធំ ដើម្បីលេងទល់នឹងហ្ស៊ីប្រាតា និងក្រិច ជម្រុះ Euro 2024 ក្នុងខែវិច្ឆិកានេះ។

កីឡាករយុវជនរូបនេះទទួលបានការចាប់អារម្មណ៍ ចំពោះទម្រង់លេងនារដូវកាលនេះ ក្រោយរកបាន ២គ្រាប់ ក្នុងការប្រកួត ១០លើកក្នុង Ligue 1 និងបានលេងពេញម៉ោង ៤ប្រកួតនៅ Champions League សម្រាប់ក្លិប PSG ដែរ។

Zaire-Emery គឺជាកីឡាករវ័យក្មេងជាងគេបំផុតលេងឲ្យ PSG ដែលបានបង្ហាញខ្លួនលើកដំបូងនារដូវកាលមុន ក្នុងវ័យ ១៦ឆ្នាំ និង ១៥១ថ្ងៃ និងកាលពីខែកញ្ញា លោកត្រូវបានតែងតាំងជាប្រធានក្រុម U-21 បារាំង ដោយគ្រូបង្វឹក លោក Thierry Henry ទៀតផង។

សូមជម្រាបថា បារាំងបានកក់កៅអីជុំចុងក្រោយរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ ដោយឈរលេខ១ ប្រចាំពូល B ហើយនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិហ្ស៊ីប្រាតា នៅថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងទីក្រុង Nice មុនពេលការប្រកួតជម្រុះក្នុងពូលចុងក្រោយរបស់ពួកគេ ៣ថ្ងៃបន្ទាប់នៅប្រទេសក្រិច៕