(ម៉ាឌ្រីដ)៖ លោក Diego Simeone បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មី ដឹកនាំក្លិបបាល់ទាត់អាជីព Atletico Madrid រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។

បុរសសញ្ជាតិអាហ្សង់ទីន វ័យ ៥៣ឆ្នាំខាងលើនេះ បានដឹកនាំ Atletico ឈ្នះសរុបបាន ៨ពានផងដែរ ក្រោយចូលកាន់តំណែងអ្នកចាត់ការទូទៅមួយនេះតាំងពីខែធ្នូ ឆ្នាំ២០១១ ជាមួយនឹងការរកបានជ័យជម្នះ ៣៨០លើក ក្នុងចំណោម ៦៤២ប្រកួតទាំងអស់។

លោក Simeone ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកដឹកនាំ Atletico ជោគជ័យជាងគ្រូណាៗទាំងអស់ ដែលបានឈ្នះពានលីគកំពូលអេស្ប៉ាញ La Liga ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០២១ ក្រៅពីពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ២លើកក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៨ ហើយពាន Copa del Rey ១លើកផងដែរក្នុងឆ្នាំ២០១៣។

លើសពីនេះទៀត លោកក៏បានដឹកនាំក្រុមខ្លាំងប្រចាំទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមួយនេះ រងជើងឯក UEFA Champions League ចំនួន ២លើកផងដែរក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដ្បិតបច្ចុប្បន្នពួកគេបានកំពុងឈរនៅលេខ៤ ក្នុងតារាងពិន្ទុ La Liga និងឈរនៅកំពូលតារាងក្នុងពូលនៃ Champions ដ្បិតនៅសល់ ២ប្រកួតទៀត៕